(ភ្នំពេញ)៖ អ្នកញៀនល្បែងប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល មូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ សហការជាមួយកម្លាំងនគរបាល ខណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួនដោយដកហូត វត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនេះ ត្រូវបានអនុវត្តន៍ និងធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ កាលពីកន្លងមកនិងដើម្បីរក្សា សន្តិសុខផងនោះ ទើបរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចយើងបានចុះសហការបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនទាំងអ្នកលេងនិងអ្នកមើល ការខុសត្រូវចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងទូហ្គេមធំបាញ់ត្រីចំនួន២គ្រឿង កៅអីជ័រចំនួន៣ និងថវិកាមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅសាកសួរបន្ថែមនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីរបស់អយ្យការ សាលាដំបូងរាជធានីភ្នំពេញ៕