(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច វិស័យធនាគារ ដោយមានបទបង្ហាញសំខាន់ៗ ចំនួន៣រួមមាន៖
*ទី១៖ បរិយាបន្នហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ និងកិច្ចការពារអតិថិជន នៅក្នុងវិស័យធនាគារ
*ទី២៖ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រ និងលើកកម្ពស់ដល់ធុរកិច្ច
*ទី៣៖ ប្រកាសស្ដីពីខសន្យាមិនសុចរិត។
សិក្ខាសាលានេះ រៀបចំឡើង ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាធុរជនកំពុងប្រតិបត្តិការ លើវិស័យសេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបើក លោក ឃួន សាវុធ បានលើកឡើងថា សិក្ខាសាលានេះបានរៀបចំឡើង ដោយមានគោលបំណងផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ និង បទប្បញ្ញត្តិពាក់ព័ន្ធ ប្រកាសស្ដីពីខសន្យាមិនសុចរិត ឱ្យកាន់តែទូលំទូលាយជូនដល់ លោក លោកស្រី ជាធុរជន កំពុងប្រតិបត្តិការ លើវិស័យសេវាធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីជ្រាបច្បាស់ពីគោលបំណង គោលដៅ វិសាលភាព យន្តការ បែបបទនិងនីតិវិធី ព្រមទាំងលក្ខខណ្ឌតម្រូវនានា ដែលបានចែងនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដែលក្នុងនោះផ្ដោតសំខាន់ ទៅលើការធានាការពារសិទ្ធិ អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងអំពើកេង យកចំណេញហួសហេតុ និងការរំលោភបំពានលើស្ថានភាពដែលកើតមានឡើងតាមរយៈទំនាក់ទំនងនៃកិច្ចសន្យា ដែលធ្វើឡើង រវាងអ្នកប្រើប្រាស់និង បុគ្គលធ្វើធុរកិច្ច ដើម្បីផ្គត់ផ្គង់ទំនិញ និងឬ/សេវា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខា ដាក់ឱ្យប្រើ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រមលេខ នស/រកម/១១១៩/០១៦ និងប្រកាសស្ដីពីខន្យាមិនសុចរិត លេខ ០០៦៧ ព.ណ.អ.កបប.ប្រក ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម៕