(ភ្នំពេញ)៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានផ្តាំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា សាងអំពើល្អឲ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូងប្រជាពលរដ្ឋឲ្យពួកគាត់មានទំនុកចិត្ត អាណិត និងស្រឡាញ់រហូតឈានដល់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិបន្តទៀត។

ការសុំរបស់លោក ឃួង ស្រេង បែបនេះបានឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន៥៣២នាក់ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង បានថ្លែងថា «ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងត្រូវបម្រើប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពួកគាត់៥ឆ្នាំពេញ និងសូមឲ្យរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់ឲ្យគោរព អាណិត ស្រឡាញ់ និងជឿទុកចិត្តមកលើមន្ត្រីគណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើងឲ្យគេបានដឹង ដើម្បីវាយបកចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួន»

លោក ឃួង ស្រេង បានរំលឹកថា «គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ។ ទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ចេញពីជំងឺកូវីដ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ»

លោក ឃួង ស្រេង បន្ថែមទៀតថា «ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ ឲ្យបានគង់វង់ និងសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនរុងរឿងបន្ថែមទៀត»

បន្ថែមពីនេះលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម៕