(ភំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារអូឬស្សី ដោយបានផ្សព្វផ្សាយទៅដល់បងប្អូនអាជីវករ ដែលប្រកបមុខលក់ដូរ នៅក្នុងផ្សារអូរប្ញស្សីទាំងអស់ ឲ្យភ្ជាប់ Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្ទាល់ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងលឿនឆាប់រហ័សទាន់ចិត្តផងដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការងារតភ្ជាប់ជាមួយ Channel Telegram របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយបងប្អូនប្រជាពលរដ្ឋ សម្ដេចតេជោ មានគោលបំណងឲ្យពួកគាត់ ទាំងអស់ ទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ពេលវេលា និងទាន់ហេតុការណ៍។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់។
នាឱកាសនោះ គេសង្កេតឃើញបងប្អូនអាជីវករ នៅតាមតូប ឬស្ដង់លក់ដូរនីមួយៗ នៅផ្សារអូឬស្សី បានញញឹមញញែមយ៉ាងស្រស់ស្រាយ ដោយស្វាគមន៍ដល់លោកអភិបាលខណ្ឌ៧មករា និងសហការី ពេលចុះទៅជួបសំណេះសំណាលដល់ពួកគាត់ ដូចការរៀបរាប់លើកឡើងខាងលើនេះ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត Channel Telegram មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា»៕