(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានថ្លែងថា តាមការអង្កេតរហ័សបានបញ្ជាក់ថា កម្មវិធីនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងនោះក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានអនុវត្តកម្មវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របតាមការដឹកនាំដ៏ឈ្លាសវៃមគ្គុទេសច្បាស់លាស់ ប្របដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក វង សូត រដ្ឋមន្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមូល និធិជាតិ ជំនួយសង្គម ដែលបានខិតខំយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើតកម្មវិធីជំនួយសង្គមសាច់ប្រាក់ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋគ្រួសារ ដែលរងគ្រោះ និងងាយរងគ្រោះនាពេលកន្លងមកនេះ។

ឆ្លៀតក្នុងឱកាសដ៏មានសារសំខាន់នេះ លោកស្រី បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីអំពីវឌ្ឍនភាពសម្រេច បាននៃការអនុវត្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ប្រចាំឆ្នាំ២០២២ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។

*ទី១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូរីដ១៩

*គ្រួសារ ដែលបានមកផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ក្នុងប្រចាំឆ្នាំ២០២២សរុបចំនួន ១,០៣៨គ្រួសារ
*គ្រួសារបានមកទទួលការឧបត្ថម្ភប្រចាំខែសរុប ក្នុងឆ្នាំ២០២២ ចំនួន ៣៣.៥១៣គ្រួសារ អស់ថវិកាចំណាយ ៨១,៨៧១,៥២០,០០០រៀល ស្មើនឹង ១៩,៩៦៨, ៦៦៣ដុល្លាអាមេរិក
*គ្រួសារដែលបានមកផ្ទៀងផ្ទាត់ប័ណ្ណសរុបចាប់ថ្ងៃអនុវត្តមកដល់ពេលនេះចំនួន ៣៣,៩៣៨គ្រួសារ អស់ថវិកាចំណាយសរុបចំនួន ២០៩,៧៦៨,៤០០,០០០រៀល ស្មើនឹង ៥១,១៦៣,០២៤ដុល្លារ។

*ទី២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ អ្នកចុះឈ្មោះថ្មីនៅតាមសង្កាត់សរុបក្នុងឆ្នាំ២០២២ ចំនួន២,៦២២នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ១៥៣៤នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១,០៨៨នាក់។

*ទី៣៖ កម្មវិធីឧបត្ថម្ភកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារ រងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាចំនួនគ្រួសារ ដែលបានសម្ភាសន៍ជាប់ជាគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាជុំទី១ ចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មានចំនួន១៤,១៩៤គ្រួសារ ស្មើនឹងថវិកាចំណាយសរុប ៣,១៣៧,១៩៦,០០០រៀល ស្មើនឹង ៧៦៥,១៦៩ដុល្លារ។

*ទី៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ មានចំនួន៣៨គ្រួសារ ស្នើនឹងថវិកាចំណាយសរុប ១,៦៣១ដុល្លារអាមេរិក។

កិច្ចប្រជុំបូកសតុបនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក លោកស្រី នាយក នាយករងទីចាត់ រដ្ឋបាលរាជធានីភ្នំពេញ, លោក លោកស្រី អភិបាល អភិបាលរង តាមបណ្តាខណ្ឌទាំង១៤, លោក លោកស្រីអនុប្រធានមន្ទីរ, លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យនៃមន្ទីរស.អ.យរាជធានីភ្នំពេញ, លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម តាមបណ្តាខណ្ឌទាំង១៤ និងលោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីទទួលបន្ទុកកម្មវិធីតាមមូលដ្ឋានសង្កាត់ទាំង១០៥ និងមន្ត្រីរាជការ សហការី នៃមន្ទីរស.អ.យ សមាជិក សមាជិក សរុបមាន ចំនួន ២៦០រូប ស្រី ១៥៤នាក់៕