(ក្រចេះ)៖ លោក ធីម ស៊ាងឡេង អនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពស្រុកឆ្លូង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះពិនិត្យទីតាំងសាងសង់សំណង់ និងតូបរបស់ប្រជាពលរដ្ឋអាជីវករ ដែលសង់រំលោភចូលដីចំណីផ្លូវទីសាធារណៈ នៅមុខផ្សារឆ្លូង និងធ្វើការណែនាំកែសម្រួលឲ្យត្រូវនឹងច្បាប់បានកំណត់ណែនាំ ដើម្បីជាសោភ័ណ្ឌភាព និងសុវត្ថិភាពចរារចណ៍ធ្វើដំណើរ ជាពិសេសគឺការជួយសង្រ្គោះនៅពេលមានហានីភ័យជាយថាហេតុណាមួយ។
នាឱកាសនោះលោក ធីម ស៊ាងឡេង បានអំពាវនាវដល់អាជីវករ និងគណៈអាជីវករ សូមបញ្ឈប់នូវការសាងសង់តូប ឬស្តង់ រំលោភចូលលើដីចំណីផ្លូវសាធារណៈ មុននឹងសាងសង់ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជៀសវាងការខាតបង់ និងខុសនឹងច្បាប់។ គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាការរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទីប្រជុំជន គឺមិនឲ្យមានការកកស្ទះទៀតនោះទេ។
លោកបញ្ជាក់ទៀតថា កន្លងមកមានអាជីវករមួយចំនួនបានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារឆ្លូង ទើបរដ្ឋបាល ស្រុក បានចាត់ឲ្យក្រុមការងារចុះពិនិត្យ និងរៀបចំកែសម្រួលសណ្តាប់ធ្នាប់ផ្សារ ដោយសហការជាមួយមន្រ្តីមានសមត្ថកិច្ច អាជ្ញាធរឃុំ និងគណៈអាជីវករផ្សារ បានចុះផ្សព្វផ្សាយណែនាំ និងតម្រូវឲ្យមានការរៀបចំកែសម្រួលសណ្តាប់ធ្នាប់នៅតាមដងផ្លូវ នៅទីប្រជុំជនផ្សារឆ្លូង ដើម្បីរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ កុំឲ្យមានការកកស្ទះ និងការរំលោភលើចំណីផ្លូវថ្នល់សាធារណៈនៅពេលធ្វើដំណើរឆ្លងកាត់ ឬការចេញចូលទិញលក់ក្នុងទីផ្សារជាដើម៕