(ភ្នំពេញ)៖ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តាមរយៈផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ពីឆ្នាំ២០២២ ដល់២០៤០ កម្ពុជាត្រូវការទុនវិនិយោគសរុបចំនួន ១១,០២៤លានដុល្លារអាមេរិក សម្រាប់ធ្វើការអភិវឌ្ឍប្រភពអគ្គិសនី និងប្រព័ន្ធបណ្ដាញជាតិ។
ជាមួយគ្នានេះដែរ លោក ទី នរិន្ទ បានបញ្ជាក់ថា សម្រាប់ថវិកាទាំងនោះគឺ ៩,២២៨លានដុល្លារ សម្រាប់ការវិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុក និង១,៧៩៦លានដុល្លារ សម្រាប់អភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ដែលនេះមិនទាន់គិតអំពីសេចក្តីត្រូវការទុនវិនិយោគ ដែលបងប្អូនអ្នកកាន់អាជ្ញាបណ្ណឯកជន និងអគ្គិសនីកម្ពុជាត្រូវការ សម្រាប់ធ្វើការអភិវឌ្ឍពង្រីកប្រព័ន្ធបណ្តាញចែកចាយបន្ថែមផងនៅឡើយ។
ថ្លែងក្នុងឱកាសពិធីបើកមហាសន្និបាតបូកសរុបការបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ទី នរិន្ទ បានឱ្យដឹងយ៉ាងដូច្នេះថា «តាមការសិក្សាផែនការមេនេះ យើងអាចនឹងមានការប្រឈមមួយដ៏ធំ គឺការទាក់ទាញទុនវិនិយោគឱ្យបានគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍវិស័យថាមពល។ តាមរយៈផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីពី ឆ្នាំ២០២២ ដល់២០៤០ កម្ពុជាត្រូវការទុនវិនិយោគសរុបចំនួន ១១,០២៤លានដុល្លារអាមេរិក សម្រាប់ធ្វើការអភិវឌ្ឍប្រភពអគ្គិសនី និងប្រព័ន្ធបណ្ដាញជាតិ»។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែរូបនេះបានបន្ថែមថា ក្នុងវិស័យថាមពល គម្រោងអភិវឌ្ឍន៍នីមួយៗ ត្រូវការពេលធ្វើការអភិវឌ្ឍច្រើនឆ្នាំ ដូច្នេះដើម្បីធានាការផ្គត់ផ្គង់ឱ្យមានគ្រប់គ្រាន់ មានស្ថិរភាព និងមានថ្លៃសមរម្យនៅពេលខាងមុខទៀត យើងចាំបាច់ត្រូវធ្វើការព្យាករណ៍តម្រូវការ ថាមពលដោយឈរលើមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងត្រូវសិក្សារៀបចំផែនការអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់។
លោក ទី នរិន្ទ បានបន្តថា ការទាក់ទាញ់ទុនវិនិយោគឱ្យបានគ្រប់គ្រាន់សម្រាប់អភិវឌ្ឍវិស័យថាមពល គឺជាការប្រឈមមួយធំណាស់របស់វិស័យថាមពល ដែលក្នុងនោះរាជរដ្ឋាភិបាល ត្រូវតែមានភាពច្នៃប្រឌិត រស់រវើកបន្ថែមពីលើគោលការណ៍ច្បាប់ និងនីតិវិធីដែលមានជាធរ មានទើបអាចទទួលបាននូវការវិនិយោគគ្រប់គ្រាន់។ ការវិនិយោគមិនគ្រប់គ្រាន់តាមមែន ការអាចនឹងធ្វើឱ្យវិស័យថាមពល ជាពិសេសវិស័យអគ្គិសនីមានវិបត្តិ។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅចុងឆ្នាំ២០២២ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣,៤៦៤.៦៧មេហ្គាវ៉ាត់ ស្មើនឹង៧៧.០៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ១,០៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២២.៩៣ភាគរយ។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមានមកពីប្រទេសថៃ មានចំនួន ២៧៧.៣០មេហ្គាវ៉ាត់ ស្មើនឹង ២៦.៩០ភាគរយ, វៀតណាម ៣៣២.៤៥មេហ្គាវ៉ាត់ ស្មើនឹង ៣២.២៥ភាគរយ និងឡាវ ៤២១.០០មេហ្គាវ៉ាត់ ស្មើនឹង ៤០.៨៤ភាគរយ។
បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២៣ កម្ពុជានឹងដំឡើងថាពលអគ្គិសនីរហូតដល់ ៣,៨១៤.៦៧មេហ្គាវ៉ាត់ ស្មើនឹង៧៧.១៤ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២២.៨៦ភាគរយ។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី នៅក្នុងឆ្នាំ២០២២ គឺបានអភិវឌ្ឍបណ្តាញបញ្ជូនបន្ថែមចំនួន ៥១០គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន ៩ថែមទៀត ដែលធ្វើឱ្យបច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣,៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ទូទាំងប្រទេស។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍបង្កើនសមត្ថភាពនៃបណ្តាញបញ្ចូនរង និងបណ្តាញចែកចាយ គឺពឹងផ្អែកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន៣ គឺទី១៖ ខ្សែបណ្តាញ MV, ទី២៖ ត្រង់ស្វូចែកចាយ និងទី៣៖ ខ្សែបណ្តាញ LV។ ដែលរហូតមកដល់ចុងឆ្នាំ២០២២ ហេដ្ឋារចនាសម្ព័ន្ធទាំង៣នេះ បានកើនឡើងរួមមាន៖ ខ្សែបណ្តាញ MV បានកើនឡើងដល់ ៤២,៩៦៤គីឡូម៉ែត្រ, ត្រង់ស្វូចែកចាយ បានកើនឡើងដល់ ២៦,០៨១គ្រឿង និងខ្សែបណ្តាញ LV បានកើនឡើងដល់ ៤៤,៥៦៥គីឡូម៉ែត្រ។
លោក យឹម វិសិដ្ឋ បានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្តជំរុញ ការកែលម្អការផ្ដល់សេវាឱ្យអ្នកប្រើប្រាស់កាន់តែខ្លាំង ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ រួមទាំងពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី ឱ្យរឹតែមានប្រសិទ្ធភាពជាដើម។
គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី៕
-58-11.JPG