(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំសមាជិកសមាជិការគណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត រួមទាំងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ អាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសួសុខទុកដល់ស្ត្រីសម្រាលកូន និងស្ត្រីត្រៀមសម្រាល ចំនួន ៦១នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សុខ ផេង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះស្ដ្រីជាម្ដាយទាំងអស់ ដែលមកសម្រាល និងស្ត្រីត្រៀមមកសម្រាលនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារនេះ។

លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងជំរុញសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត និងខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ណែនាំ ដល់ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ គិតគូរពីសុខភាពផ្ទាល់ខ្លួន គិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ»

ជាមួយគ្នានេះ លោក សុខ ផេង បានលើកឡើងអំពីសាលិខិតសំខាន់ៗមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនបងប្អូនជនរួមជាតិមានខ្លឹមសារដូចជា៖

*សូមស្រ្តីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រាលទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការ ចម្លងមេរោគពីម្តាយទៅកូន។
*ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
*សូមយុវតីឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់។ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

សាខាក៏បានផ្តល់អំណោយដល់ស្រ្តីសម្រាលកូន និងទ្រៀមសម្រាលចំនួន៦១ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល ឃីតមួយកញ្ចប់ មីមួយកេស ត្រីខ មួយយួរផងដែរ៕