(កណ្ដាល)៖ ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍៣៩១នាក់ នៅស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល។

លោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្ដីនឹករលឹក។ សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ក្នុងឱកាសនេះ លោកបានណែនាំដល់ពលរដ្ឋទាំងអស់ចូលរួមក្នុង Telegram របស់សម្ដេចតេជោផងដែរ ខណ:ដែលការចូលរួមមានអត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី។

លោកថា សម្ដេចតេជោតែងតែគោតគូរយកចិត្តទុកដាក់ដល់ពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទេ ពោលគឺសម្ដេចស្រឡាញ់ប្រជាជនណាស់ ហើយខ្វាយខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋជានិច្ច ដោយចាត់មន្ត្រីថ្នាក់ក្រោមគ្រប់ជាន់ថ្នាក់ ត្រូវខិតខំបំរើពលរដ្ឋឲ្យដិតដល់ឲ្យប្រកបដោយស្នាមញញឹម ប្រកបដោយសីលធម៌ខ្ពស់ចៀសវាងឲ្យឆ្ងាយពីការកោសរូស ឬធ្វើបាបពលរដ្ឋជាដើម។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន៣៩១នាក់ ដោយក្នុង១ម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១កញ្ចប់, អាវរងារ ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕