(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់ ជាពិសេសការជ្រើសរើសចំណីអាហារ ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងការសិក្សា។
ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលទើបរំលឹកជាថ្មី អំពីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារដ្ឋ និងសាលាឯកជន។
លោកបន្តថា ការពិនិត្យតាមដានសុខភាពសិស្សានុសិស្ស នឹងធ្វើឡើងតាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយៈយន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតណែនាំសាលារៀនទូទាំងប្រទេស ឱ្យចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ប្រភេទ ដើម្បីជៀសផលប៉ះពាល់មកលើសុខភាពសិស្ស ដែលអាចជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។
លោក រស់ សុវាចា បន្ថែមថា «ក្រសួងអប់រំ យុវជន និងកីឡាជឿជាក់ថាវិធានការ ហាមឃាត់ការលក់ ចំណីអាហារទាំង ៦ប្រភេទនេះ នឹងចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមក តាមរយៈការដាស់តឿន ឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ ក្នុងការជ្រើសរើសចំណីអាហារ ដែលមានផលវិជ្ជមាន សម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់ផ្លូវបញ្ញា»។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តជំរុញឱ្យគ្រូបង្រៀន និងគណ:គ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខភាពរបស់សិស្ស ដែលជាកត្តាដ៏សំខាន់មួយអាចជះឥទ្ធិពលដល់ការសិក្សា។
ទន្ទឹមនេះ ក្រសួងបានបញ្ចូលខ្លឹមសារសុខភាព ទៅក្នុងកម្មវិធីសិក្សានៅថ្នាក់បឋមសិក្សា ដល់ថ្នាក់ទី១២ និង បានឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណៈ គ្រប់គ្រងតាមសាលាផ្សព្វផ្សាយអំពី សេចក្ដីណែនាំរបស់ក្រសួងឱ្យបាននៅទូទាំងប្រទេស។ ការងារនេះក្រសួងបាន និង កំពុងធ្វើតាំងពីអាណត្តិមុនមក ដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីជាបច្ច័យទ្រទ្រង់សុខភាពរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ៕