(ភ្នំពេញ)៖ មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន របស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា លោក Rafael Iangareev បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជាមួយកម្ពុជា រួមជាមួយនឹងការជំរុញឱ្យក្រុមហ៊ុនរុស្ស៊ី បណ្តាក់ទុនជាមួួយក្រុមហ៊ុនកម្ពុជា។
លោក Rafael Iangareev បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី រួមទាំងការវិវឌ្ឍន៍ថ្មីៗជុំវិញសង្គ្រាមនៅអ៊ុយក្រែន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។
បើតាមមន្ត្រីទូតរូបនេះ ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសនានា បានជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែដល់សេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក៏ដូចជាប្រទេសដែលដាក់ទណ្ឌកម្ម។ លោកបន្ថែមថា រុស្ស៊ីបាននិងកំពុងប្រឈមនឹងវិបត្តិថាមពល ហើយទោះបីជាក្រុមហ៊ុនលោកខាងលិចជាច្រើនបានចាកចេញពីទីផ្សារថាមពលរុស្ស៊ី ក៏ឥឡូវនេះមានក្រុមហ៊ុនរុស្ស៊ីជាច្រើនបានចាប់ផ្តើមដំណើរការជំនួសវិញ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច លោក Rafael Iangareev បានគូសបញ្ជាក់ថា «រុស្ស៊ីនៅតែត្រៀមខ្លួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយបណ្តាប្រទេសជាមិត្ត រួមមាន បណ្តាប្រទេសពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាន»។
ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតរវាងកម្ពុជា និងរុស្ស៊ី លោកមន្ត្រី បានរំលេចត្រួសៗអំពីដំណើរទស្សនកិច្ចសំខាន់ៗរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់រុស្ស៊ី និងការចូលរួមប្រជុំអន្តរគណបក្សផ្សេងៗតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះដែរ លោក Rafael Iangareev ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីដោយបើកចំហរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតជាមួយកម្ពុជា។
ក្រៅពីនេះ ស្ថានទូតរុស្ស៊ីបានផ្តល់ជំនួយ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនរុស្ស៊ី ដែលចង់បង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនពីប្រទេសកម្ពុជា។
នាឱកាសនោះ លោកមន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន បានលើកឡើងអំពីស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ខណៈទាក់ទិននឹងផ្នែកនេះ លោកក៏បានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់រុស្សី ក្នុងការបើកចំហរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងអន្តរកម្មរវាងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងកម្ពុជា៕