(កែប)៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម និងអភិបាលខេត្តកែប បានអំពាវនាវប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ហើយបើបងប្អូនមិនបញ្ឈប់នោះទេអាចមានទោសទណ្ឌពី៣ ទៅ ៥ឆ្នាំ នៅពេលសមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការរកឃើញបទល្មើស។
ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទ នៃការផលិត ជួញដូរ រក្សា និងលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ការប្រជុំនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានបន្តថា ការរឹបអូសឧបករណ៍ខុសច្បាប់ យកមកដុតកំទេចចោលពេលនេះ គឺចង់ឲ្យបងប្អូនប្រជានេសាទភ្ញាក់រលឹក និងងាកមករកទទួលទានរបរនេសាទដោយស្របច្បាប់វិញ ព្រោះការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ អាចធ្វើឲ្យប៉ះពាល់បាត់បង់ធនធានជីវៈចំរុះដែលមាននៅក្នុងបាតសមុទ្រ។
នាឱកាសនោះ លោក នុត ច័ន្ទសុខា បានសំណូមពរដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន សូមបន្តអនុវត្តយកចិត្តទុកដាក់លើស្មារតី សេចក្តីជូនដំណឹង លេខ ២៧៣៦ កសក របស់ក្រសួងកសិកម្ម ចុះថ្ងៃទិ៥ ខែមេសា ឆ្នាំ២០២២ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ហើយសូមឲ្យបងប្អូនប្រជានេសាទចូលរួមបន្តដូចខាងក្រោម៖
*ទី១៖ សូមក្រុមការងារបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទ នៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ ជូនដល់បងប្អូនប្រជានេសាទទាំងអស់ ដែលរស់នៅក្នុងខេត្តកែប និងតំបន់ដទៃទៀត។
*ទី២៖ សូមបងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទ ចូលរួមយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ឲ្យបានជាដាច់ខាត បន្ទាប់ពីក្រុមការងារបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងចុះណែនាំដល់ទីតាំងហើយនោះ។
*ទី៣៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរនេសាទខុសច្បាប់ សូមងាកមកប្រកបរបរនេសាទស្របច្បាប់វិញ។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានលើកឡើងក្នុងរបាយការណ៍ថា ការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២២ មាន២៥ករណី ក្នុងនោះមានលបកន្ទុយកណ្តុរ១១ករណី ការនេសាទរួមផ្សំ មានទុយោមុជខ្យល់៩ករណី ដកបានអាំងម៉ូទ័រ ៣ករណី រឹបអូសឧបករណ៍ខុសច្បាប់១ករណី និងបង្ក្រាបការដឹកជញ្ជូនផលនេសាទគ្មានច្បាប់១ករណី៕