(ភ្នំពេញ)៖ សហភាពអឺរ៉ុប រួមជាមួយរដ្ឋសមាជិករបស់ខ្លួន និងវិទ្យាស្ថានវប្បធម៌នានា រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នឹងបើកមហោស្រពភាពយន្តអឺរ៉ុបលើកទី១៤ ហៅកាត់ថា EUFF23 នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈនេះ។
ពិធីសម្ពោធមហោស្រពភាពយន្តនេះ នឹងប្រព្រឹត្តទៅនៅសួនច្បារ នៃវិទ្យាស្ថានបារាំងក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Carmen Moreno, ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក Jacques Pellet, ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅវៀតណាម លោក Olesandr Gaman និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក Som Sokun។
នៅក្រោយពិធីបើកសម្ពោធជាផ្លូវការ នឹងមានចាក់ការបញ្ចាំងខ្សែភាពយន្តអ៊ុយក្រែនមានចំណងជើងថា «Mother of Apostles» ដែលរៀបរាប់អំពីរឿងរ៉ាវរបស់ស្ត្រីជាម្ដាយម្នាក់ តាមស្វែងរកកូនប្រុសរបស់ខ្លួន ដែលជិះនៅលើយន្តហោះមនុស្សធម៌ ត្រូវបានបាញ់ទម្លាក់លើទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៉ី។
ការចាក់បញ្ចាំងភាពយន្តនៃមហោស្រពភាពយន្តអឺរ៉ុបឆ្នាំ២០២៣ នឹងធ្វើឡើងនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប Aeon1 វិទ្យាស្ថានបារាំង Meta House និងមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។
ក្នុងកំលុងពេលនេះ មានភាពយន្តសរុបចំនួន ២៦ និងព្រឹត្តិការណ៍មួយចំនួនជាច្រើននឹងត្រូវចាក់បញ្ចាំង។ ការចាក់បញ្ចាំងពិសេសចំនួន២ នៃខ្សែភាពយន្តខ្នាតខ្លីចំនួន ១៨រឿង នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបុប្ផាណា និង Hops Craft Beer Garden នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកុម្ភៈ។
ភាពយន្តដែលនឹងត្រូវចាក់ផ្សាយនាពេលនេះរួមមាន រឿងភាគ ភាពយន្តគ្រួសារ រឿងកំប្លែង និងភាពយន្តឯកសារល្អៗ។
ចុងក្រោយ នៅថ្ងៃទី២៥ ខែកុម្ភៈ ភោជនីយដ្ឋាន Perch Restaurant & Lounge នឹងរៀបចំព្រឹត្តិការណ៍ EUFF23 Closing Gala។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីសិល្បៈវប្បធម៌ប្លែកៗមួយចំនួន រួមទាំងវត្ថុអនុស្សាវរីយ៍ភាពយន្ត និងតន្ត្រីពីទសវត្សរ៍ឆ្នាំ១៩៦០ផងដែរ៕
សូមស្វែងរកកាលបរិច្ឆេទ និងទីតាំងចាក់ផ្សាយភាពយន្តតាមតារាងភ្ជាប់មកខាងក្រោម៖