(ភ្នំពេញ)៖ លោក Rafael Iangareev មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មានរបស់ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា បានថ្លែងអបអរសាទរក្រុមកីឡារបស់កម្ពុជា ដែលជាប់លេខចំណាត់ថ្នាក់លេខ ៣ ក្នុងហ្គេមអេឡិចត្រូនិក Phygital លើកទី៣ របស់រុស្ស៊ី និងបានអះអាងថា នេះក៏ជាកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។

លោក Rafael Iangareev បានលើកឡើងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី រួមទាំងការវិវឌ្ឍន៍ថ្មីៗជុំវិញសង្គ្រាមនៅអ៊ុយក្រែន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។

លោក Rafael Iangareev បានលើកឡើងដូចនេះថា «ថ្ងៃនេះយើងមានដំណឹងដ៏ល្អមួយទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្សី និងកម្ពុជា ខ្ញុំនឹងរៀបរាប់បន្តិចអំពី Phygital ហ្គេម ដែលជាកីឡាអេឡិចត្រូនិក ដែលបានកើតឡើងនៅប្រទេសរុស្សី នៅទីក្រុងកាសៃ នៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកុម្ភៈ ទីក្រុងកាសៃ ប្រទេសរុស្សី គេបានរៀបចំការប្រកួតលើកទី៣ នៃ Phygital ហ្គេម គឺការប្រកួតប្រជែងក្នុងវិស័យកីឡាអេឡិចត្រូនិច ដែលមានកីឡាផ្សេងៗជាច្រើន ហើយក្រៅពីក្រុមជំរើសជាតិរុស្សី មានក្រុម ជីម៉ាស់ពីកម្ពុជា ដែលបានចូលរួមក្នុងការប្រកួតនេះផងដែរ»

លោក Rafael Iangareev បានលើកឡើងទៀតថា «យើងរីករាយដែលមិត្តកម្ពុជាយើង អាចចូលលេងនៅកាសាញ និងមើលប្រទេសរុស្សីនៅរដូវរងា សូមអបអរសាទរចំពោះពួកគេ ដែលបានចំណាត់ថ្នាក់លេខ៣ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យកីឡា និងកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងយុវជនរវាងប្រទេសយើងទាំងពីរ»

លោក Rafael Iangareev បានថ្លែងបញ្ជាក់ថា ទាក់ទងនឹងទំនាក់ទំទងរបស់ប្រទេសកម្ពុជា-រុស្សី ប្រទេសទាំង២ មានទំនាក់ទំទងយូរអង្វែងមកហើយ ដែលបានផ្តល់ជំនួយមនុស្សធម៍ ហើយរុស្សីក៏បានគាំទ្ររដ្ឋាភិបាលថ្មីនៃប្រទេសកម្ពុជា បន្ទាប់ការរំដោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រុស្សីបានដឹងពីគោលជំហររបស់ប្រទេសកម្ពុជា ចំពោះស្ថានភាពនៅវិញប្រទេសអ៊ុយក្រែន យើងបានពន្យល់ម្តងហើយម្តងទៀត ដល់ដៃគូររបស់យើងអំពីប្រភពដើមនៃជម្លោះ ក៏ដូចជាមូលហេតុដែលបង្ខំឱ្យប្រទេសរុស្សី បានចាប់ផ្តើមប្រតិបត្តិការយោធាជាពិសេស។

បន្ថែមពីនេះលោក Rafael Iangareev បានបញ្ជាក់ទៀតថា រុស្សី- កម្ពុជា បានបន្តកិច្ចសហការក្នុងវិស័យជាច្រើនទាំងក្នុងទម្រង់ទ្វេភាគី និងទម្រង់អាស៊ាន ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ និងនៅលើវេទិកាអន្តរជាតិផ្សេងៗទៀត ហើយថ្ងៃនេះយើងមានឧទាហរណ៍ដ៏ល្អនៃទំនាក់ទងដ៏ល្អប្រសើររវាងប្រទេសយើងទាំង២ ក្នុងវិស័យកីឡា និងអន្តរកម្មរវាងយុវជននៃប្រទេសទាំង២ផងដែរ៕