(ភ្នំពេញ)៖ សហព័ន្ធរុស្ស៉ី បានប្រកាសជំហរត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយប្រទេសកម្ពុជា ក្នុងករណីដែលកម្ពុជា ត្រូវការបទពិសោធន៍ និងបច្ចេកទេសលើវិស័យមួយនេះ។ នេះជាការលើកឡើងរបស់លោកវរសេនីយ៍ឯក Sergei Shumilin ជំនួយការអនុព័ន្ធផ្នែកយោធា នៃស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងសន្និសីទសារព័ត៌មានរបស់ស្ថានទូតសហព័ន្ធរុស្ស៉ីប្រចាំការកម្ពុជា ស្ដីពី «គោលនយោបាយការបរទេសសហព័ន្ធរុស្ស៉ី និងស្ថានភាពបច្ចុប្បន្នជុំវិញបញ្ហាអ៊ុយក្រែន» លោកវរសេនីយ៍ឯក Sergei Shumilin បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើកម្ពុជា ត្រូវការជំនួយក្នុងវិស័យយោធាណាមួយពីប្រទេសរុស្ស៉ី នោះរុស្ស៉ីត្រៀមខ្លួនបើកចំហរដើម្បីផ្ដល់ជំនួយនេះ បើសិនណាយើងបានទទួល លិខិតជាផ្លូវការ»។
ជំនួយការអនុព័ន្ធផ្នែកយោធារូបនេះ បានអះអាងថា សហព័ន្ធរុស្ស៉ីសព្វថ្ងៃ កំពុងសហការក្នុងវិស័យយោធា និងបច្ចេកវិទ្យាយោធាជាមួយបណ្ដាប្រទេសជាច្រើន ដែលត្រូវការជំនួយ និងបទពិសោធន៍របស់រុស្ស៉ី។
លោកបានបន្ដទៀតថា កងកម្លាំងប្រដាប់អាវុធរុស្ស៉ី គឺជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីកងទ័ពពិភពលោក ហើយកងទ័ពប្រដាប់អាវុធរុស្ស៉ី មានបទពិសោធន៍ដ៏សំបូរបែប ដែលត្រូវបានប្រមូលផ្ដុំចូលរួមពេលមានវិបត្តិផ្សេងៗ ដូច្នេះអាចចែករំលែកជូនបណ្ដាប្រទេសជាមិត្តបាន ប្រសិនមានតម្រូវការបទពិសោធន៍ណាមួយនោះ។
សូមរំលឹកថា នាពេលកន្លងមករុស្ស៉ី ក៏ធ្លាប់បាននាំនាវាចម្បាំងកងទ័ពជើងទឹក របស់ខ្លួនចូលមកកាន់កម្ពុជា ដើម្បីធ្វើការហ្វឹកហាត់លំហាត់ហ្វឹកហ្វឺនផ្លាស់ប្តូរបទពិសោធន៍រួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា ដោយទទួលបានលទ្ធផលជោគជ័យផងដែរ។
លើសពីនេះ រដ្ឋាភិបាលកងទ័ព និងប្រជាជនសហព័ន្ធរុស្ស៉ី ក៏ធ្លាប់បានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ គ្រឿងបំពាក់ផ្សេងៗ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើគ្រប់ជំនាញជូនដល់អតីតកងទ័ពរដ្ឋកម្ពុជា និងកងយោធពលខេមរភូមិន្ទបច្ចុប្បន្ន រហូតមានការរីកចម្រើន។
ប្រទេសរុស្ស៉ី គឺជាមិត្តដ៏ល្អតាំងពីយូលង់ណាស់មកហើយ ហើយក៏ជាប្រទេសមួយដែលបានចូលរួម នឹងខិតខំស្វះស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។
ដោយឡែក សម្រាប់ទំហំពាណិជ្ជកម្មទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៉ី កាលពីឆ្នាំ២០២១ មានចំនួនជាង ៩៤.១៨ លានដុល្លារ កើនឡើងជាង៣០លានដុល្លារបើធៀបនឹងកាលពីឆ្នាំ២០២០ ដែលមានជាងមានចំនួន៦៣.៨១លានដុល្លារអាមេរិក។ ទិន្នន័យនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅរុស្ស៉ីចំនួនជាង៥៩.៥៤លានដុល្លារ ខណៈការនាំចូលពីរុស្ស៉ីវិញមានចំនួន ៣៤.៦៤ លានដុល្លារ៕