(ភ្នំពេញ)៖ ប្រទេសរុស្ស៊ីគ្រោងបញ្ជូនយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលលើការងារបោសសម្អាតមីន នៅប្រទេសកម្ពុជា តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើមានការអញ្ជើញជាផ្លូវការពីកម្ពុជា។

នេះជាការបញ្ជាក់របស់លោកវរសេនីយ៍ឯក Sergei Shumilin ជំនួយការអនុព័ន្ធផ្នែកយោធា នៃស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ពេលស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរបស់រុស្ស៉ី និងស្ថានភាពបច្ចុប្បន្ន ជុំវិញអ៊ុយក្រែន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ជំនួយការអនុព័ន្ធផ្នែកយោធារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ម្តងទៀត ស្វាគមន៍ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទាហានពីបណ្តាប្រទេសលើពិភពលោក មកបណ្តុះបណ្តាល (ការដោះមីន) នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍នោះ មានសហព័ន្ធរុស្ស៉ីដែរ ដែលសម្តេចតេជោ អញ្ជើញមកបណ្តុះបណ្តាល។ ប៉ុន្តែដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះ យើងត្រូវទទួលលិខិតជាផ្លូវការ។ ពេលយើងទទួលលិខិតអញ្ជើញផ្លូវការ យើងនឹងសម្រេចវិជ្ជមាននៅក្នុងរឿងនេះ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីជំនាញដោះគ្រាន់មីននៅកម្ពុជា ហើយលើកឡើងថា ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវតែចូលរួម។

ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន​ សែន បានធ្វើឡើងខណៈដែលកម្ពុជា បានបញ្ជូនកងទ័ព និងអ្នកជំនាញដោះគ្រាប់មីន និងកម្លាំងជំនាញផ្សេងៗទៀត ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងជួបប្រទះនឹងសង្គ្រាមស៉ីវិល។

ថ្មីៗនេះ កម្ពុជាបានជួយបណ្តុះបណ្តាលដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន ចំនួន១៥រូប ប៉ុន្តែកម្ពុជាមិនបានផ្ដល់គ្រូជំនាញបច្ចេកទេសទៅប្រទេសអ៊ុយក្រែននោះទេ ពោលគឺវគ្គបណ្ដុះបណ្ដាលនេះអនុវត្តនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន៕