(បាត់ដំបង)៖ លោកស្រី ញ៉េប សុភាព រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្ត្រី វង សូត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមលោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកស្រី ញឹក សាគន្ធ ប្រធាន គ.ក.ស.ក ខេត្ត, លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្រ្តីរាជការមកពីមន្ទីរសុខាភិបាលខេត្ត, ផែនការខេត្ត, អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តសរុប៣៥០នាក់។
ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានថ្លែងថា ការរៀបចំកិច្ចប្រជុំនេះប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ អង្គការយូនីសេហ្វ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលបង្ហាញឱ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន្ន ពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍភាព បញ្ហា និងដំណោះស្រាយដើម្បីពង្រឹងការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងរងសម្ពាធអតិផរណា កម្មវិធីកំណត់អត្តសញ្ញណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្រុមជនងាយរងគ្រោះក្នុងខេត្តបាត់ដំបង។
នៅក្នុងរបាយការណ៍វឌ្ឍនភាពការងារផ្ទេរសាច់ប្រាក់សម្រាប់ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង បានបញ្ជាក់ដូចខាងក្រោម៖
ទី១៖ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានចុះឈ្មោះជូនស្ត្រីមានផ្ទៃពោះសរុបចំនួន ៥,៩៦៨នាក់ ចុះឈ្មោះជូនកុមាអាយុក្រោម២ឆ្នាំ សរុបចំនួន ៣៣៣នាក់ ការអនុវត្តលក្ខខ័ណ្ឌពិនិត្យសុខភាពសរុបចំនួន ៦៤,១៤៧ករណី ចំណាយទឹកប្រាក់សរុបចំនួន៣,៨៣៤,៨៤០,០០០រៀល
ទី២៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានលទ្ធផលដូចខាងក្រោម គ្រួសារទទួលផលរបស់កម្មវិធីសរុបចំនួន ៩១,៣៩៩គ្រួសារ ក្នុងនោះគ្រួសារផ្ទៀងផ្ទាត់ថ្មី ទទួលផលក្នុងឆ្នាំ២០២២ សរុបចំនួន ១,៥១៨គ្រួសារ ចំណាយថវិកាចំនួន ២០១,២០២,៣១៦,០០០រៀល
ទី៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់មានគ្រួសារទទួលផលបានបើកសាច់ប្រាក់សរុបចំនួន ១៣,០៥៩គ្រួសារ លើគ្រួសារទទួលផលសរុបចំនួន ១៤,០៧៦គ្រួសារ បើកប្រាក់ឧបត្ថម្ភបានចំនួន២លើក ចំណាយថវិកាសរុបចំនួន ២,១០៧,៥៣៦,០០០រៀល
ទី៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យរងសម្ពាធអតិផរណាមានគ្រួសារទទួលផលបានបើកសាច់ប្រាក់សរុបចំនួន៦,០១២គ្រួសារ លើគ្រួសារទទួលផលសរុបចំនួន ៦,៣២២គ្រួសារ ចំណាយថវិកាសរុប ចំនួន ៨៦១,៨២៧,៦០០រៀល
ទី៥៖ កម្មវិធីគាំទ្រការចាក់វ៉ាក់សាំងបង្ការជំងឺកូដ១៩ ប្រកបដោយបរិយាប័ន្នទទួលបានលទ្ធផលគ្រួសារក្រីក្រសរុបចំនួន ៩១,៦៧៤គ្រួសារ ក្នុងនោះគ្រួសារដែលបានទៅចាក់វ៉ាក់សាំងមានចំនួន ៧៣,៧១៤គ្រួសារ ស្មើនឹង ៨០%
ទី៦៖ កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងការចាក់វ៉ាក់សាំងជូនជនមានពិការភាពទទួលបានលទ្ធផលរួមមាន៖ ជនមានពិការភាពទទួលបានការកំណត់អត្តសញ្ញាណ និងរងចាំទទួលបានបណ្ណសម្គាល់ ពិការភាពសរុបចំនួន ២,៩៩៤នាក់ ក្នុងនោះ ១,១៥០នាក់ ស្ថិតនៅក្នុងគ្រួសារមានបណ្ណសមធម៌។
លោកស្រីអភិបាលរងខេត្តបាត់ដំបង យល់ថាការងារសង្គមកិច្ច គឺជាវិជ្ជាជីវៈផ្អែកលើការអនុវត្ត និងវិន័យដែលជំរុញការផ្លាស់ប្ដូរ និងការអភិវឌ្ឍសង្គម ការរួមគ្នាក្នុងការងារសង្គម ការផ្ដល់សិទ្ធិអំណាច ការជួយមនុស្សតាមគោលការណ៍យុត្តិធម៌ និងការទទួលខុសត្រូវជាសមូហភាពនេះជាចំណុចស្នូលនៃការងារសង្គមកិច្ច។
លោកស្រីក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការយូនីសេហ្វ ដែលតែងតែជួយគាំទ្រដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះក៏ដូចជាយកចិត្តទុកដាក់គាំទ្រផ្ដល់ចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសពាក់ព័ន្ធរាល់ការងារជំនាញ នៅថ្នាក់ខេត្តដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើជាសេនាធិការក្នុងការសម្របសម្រួល និងសហការអនុវត្តរាល់សកម្មភាពដែលទាក់ទងទៅលើវិស័យទាំង៣ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តបាត់ដំបង។
លោកស្រី ញ៉េប សុភាព បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី វង សូត ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាគាំពារសង្គម ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះការអនុវត្តកម្មវិធីទាំងអស់ និងជាពិសេសទៅលើបញ្ហាសុខុមាលភាពរបស់លោក លោកស្រីជាអង្គប្រតិបត្តិកររបស់កម្មវិធីទាំងមូល។
លោកស្រីបានថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកទេសដឹកនាំដោយមូលនិធិជាតិជំនួយសង្គម រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសហការរៀបចំកិច្ចប្រជុំនេះប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ ដូចគ្នានេះដែរក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍ ពិសេសអង្គការយូនីសេហ្វ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំកិច្ចប្រជុំតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិនេះបង្ហាញឱ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីផ្ដល់នូវនិរន្តរភាពជាបរិយាប័ន្នពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី។
លោកស្រី ញ៉េប សុភាព បានបន្តថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលមានភាពសុខុដមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ រយៈពេលជាង០៣ឆ្នាំកន្លងទៅ ទោះបីមានឧបសគ្គដែលបង្កឡើង ដោយសារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងប្រទេសក៏ដោយ ប្រមុខរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង និងទប់ស្កាត់មេរោគដ៏កាចសាហាវនេះឱ្យទទួលបានជោគជ័យធ្វើឱ្យប្រទេសកម្ពុជាមានប្រក្រតីភាពឡើងវិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពកំពុងជួបការលំបាកនៃដំណាក់កាលឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្តី ក៏ប្រមុខរាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់ ពុះពារជំនះ និងដាក់ចេញនូវគោលយោបាយគាំពារដល់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាក់ស្ដែងដូចជា៖ ការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ ការឧបត្ថម្ភរបបគោលនយោបាយជូនជនមានពិការភាពក្រីក្រ តាមតាមសហគមន៍ ការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ និងរងសម្ពាធអតិផរណា។ល។
លោកស្រីគូសបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលមូលនិធិជាតិជំនួយសង្គម ត្រូវបានកំណត់ដឹកនាំគ្រប់គ្រង និងអនុវត្តកម្មវីធីនេះ ព្រមទាំងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងការពង្រឹងយន្តការសម្របសម្រួល ដើម្បីធានាបាននូវអភិបាលកិច្ចល្អ ក្នុងកម្មវិធីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣នេះ៕