(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការបិទវិទ្យុសំលេងប្រជាធិបតេយ្យ (VOD) ប្រទេសរុស្ស៉ី បានប្រកាសជំហររបស់ខ្លួនថា នឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាឡើយ។
ជំហររបស់របស់រុស្ស៉ី ត្រូវបានបង្ហាញឡើងតាមរយៈស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ពេលរៀបចំសន្និសទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរបស់រុស្ស៉ី និងស្ថានភាពបច្ចុប្បន្ន ជុំវិញអ៊ុយក្រែន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
«សេចក្តីសម្រេចនេះ ត្រូវបានសម្រេចដោយក្រសួងព័ត៌មានកម្ពុជា។ ដូច្នេះ សហព័ន្ធរុស្ស៉ី មិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ»។ នេះជាការបញ្ជាក់ របស់មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន របស់ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា លោក Rafael Iangareev ឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មាន Fresh News ពាក់ព័ន្ធនឹងការបិទ VOD ។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។
ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស។
ក្រោយការបិទ VOD សហភាពអឺរ៉ុប និងអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា នេះជាសកម្មភាពរំលោភសិទ្ធិបញ្ចេញមតិ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការខកចិត្តយ៉ាងខ្លាំង និងបានច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានា ធ្វើឡើងក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេសមួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក (VOD) ដែលទទួលមូលនិធិពីបរទេស។
មន្ត្រីអនុព័ន្ធផ្នែកសារព័ត៌មាន របស់ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា បានវាយបកទៅអាមេរិក និងសម្ព័ន្ធមិត្ត ដែលអះអាងថា ខ្លួនជាអ្នកការពារសិទ្ធបញ្ចេញមតិ តែបែរជាបិទប្រពន្ធផ្សព្វផ្សាយនានារបស់រុស្ស៉ី និងបញ្ចេញតែមតិផ្ទាល់ខ្លួនទៅវិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មានបណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលចេះតែធ្វើការពារ ដូចជាសិទ្ធិបញ្ចេញមតិ ប៉ុន្តែតាមពិតគេចេះតែបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅប្រទេសរបស់ខ្លួន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់លោកខាងលិចចេះតែផ្សព្វផ្សាយមតិរបស់ខ្លួន ដូចសព្វថ្ងៃដែលកើតឡើងលើពិភពលោក តែទស្សនៈផ្សេងគ្នា។ ថ្មីៗនេះ អឺរ៉ុបបានចុះហត្ថលេខាលើបញ្ជីព័ត៌មានរបស់រុស្ស៉ី ដែលគេបានហាមឃាត់។ នៅប្រទេសជាច្រើន បានកៀបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ របស់ព័ត៌មានរុស្ស៉ី ឧទាហរណ៍ ប្រទេសនៅតំបន់បាល់តិក និងសហរដ្ឋអាមេរិក គេបានបិទប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះ តើព័ត៌មាននៅលោកខាងលិច មានសិទ្ធិនិយាយពីសិទ្ធិបញ្ចេញមតិទេ? នេះបញ្ជាក់យ៉ាងច្បាស់ ថាគេចេះតែបិទ និងរំលោភបំពាន លើសិទ្ធិក្នុងការបញ្ចេញមតិ»។
សូមជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋ ឲ្យបុគ្គលិក VOD ដែលបាត់បង់ការងារធ្វើដោយសារមេរបស់ខ្លួន បើពួកគេចង់ចូលក្របខណ្ឌ។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យជនបរទេសទាំងអស់ កុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយសម្តេចបានបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់កម្ពុជានោះឡើយ៕