(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក Sergei Shumilin ជំនួយការអនុព័ន្ធផ្នែកយោធា នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែននឹងមិនអាចបញ្ចប់ជម្លោះដោយសន្តិវិធីទេ ប្រសិនបើប្រទេសលោកខាងលិចនៅតែបន្តបញ្ជូនសព្វាវុធឱ្យអ៊ុយក្រែន ហើយមិនព្រមចូលតុចរចាដើម្បីបញ្ចប់សង្គ្រាម។

លោកវរសេនីយ៍ឯក បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី រួមទាំងការវិវឌ្ឍន៍ថ្មីៗជុំវិញសង្គ្រាមនៅអ៊ុយក្រែន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។

លោកវរសេនីយ៍ឯក Seigei បានថ្លែងថា «ពាក់ព័ន្ធនឹងការផ្តល់អាវុធពីខាងលោកខាងលិច យើងយល់ច្បាស់ថា បណ្តាប្រទេសលោកខាងលិចនឹងមិនអាចបញ្ចប់ជម្លោះនេះ ហើយមិនអាចរកឃើញដំណោះស្រាយដោយសន្តិវិធីនោះទេ អ្វីដែលពួកគេគំពុងធ្វើ វាដូចជាការគាំទ្រឱ្យមានជម្លោះនេះ»

លោកបានបន្ថែមទៀតថា «ជម្លោះនេះ បានចាប់ផ្តើមដោយសារគ្មានប្រទេសណាមួយព្រមចរចារជាមួយរុស្ស៊ី និងគ្មានប្រទេសណាមួយចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសន្តិសុខនៃប្រទេសរុស្ស៊ី»

ជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯកក៏បានលើកឡើងជាច្រើនដងអំពីប្រសាសន៍របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជុំវិញជម្លោះនេះ ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតី ពូទីនថា យើងត្រូវការកិច្ចព្រមព្រៀងថ្មី ហើយយោងទៅតាមកិច្ចព្រមព្រៀងថ្មីនេះ អ៊ុយក្រែន មិនត្រូវក្លាយជាសមាជិកអង្គការណាតូ (NATO) ទេ ព្រោះវាអាចបង្កការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។

លោកក៏បានរំលឹកថា កាលពីឆ្នាំមុន ប្រទេសលោកខាងលិចមិនចង់រៀបចំការចរចារដោយសន្តិវិធីទេ ហើយឆ្នាំនេះ យើងនៅតែឃើញថា ពួកគេនៅតែបន្តផ្តល់អាវុធដល់អ៊ុយក្រែន។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមបើកប្រតិបត្តិការយោធា ទៅលើអ៊ុយក្រែន ក្រោយប្រទេសជិតខាងមួយនេះ ប្រកាសចង់ចូលសមាជិកណាតូ (NATO)។

រហូតមកដល់ពេលនេះ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានអូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ខណៈដែលរុស្ស៊ីកំពុងគ្រប់គ្រងស្ទើរតែទាំងស្រុងនៅតំបន់ដុនបាស់ និងតំបន់មួយចំនួនទៀតរបស់អ៊ុយក្រែន៕