(កំពត)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបបានជំរុញឱ្យក្រុមគ្រូពេទ្យពង្រឹងសមត្ថភាព គុណភាព បង្កើននូវក្រមសីលធម៌នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាពនៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបបន្តបើកអង្គសិក្ខាសាលា នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១២ ដែលរៀបចំធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះបានធ្វើឡើងក្រោមធិបតីលោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដោយចូលរួមក្នុងអង្គសិក្ខាសាលាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មកពីខេត្តកំពត-កែប, តំណាងក្រុមហ៊ុនឱសថនានា និងអ្នកពាក់ព័ន្ធសរុបជាង២០០នាក់ ដោយអង្គសិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ។
លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជាការបង្ហាញ និងជំរុញការលើកកម្ពស់វឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពគុណភាព បង្កើននូវក្រមសីលធម៌នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាពនៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន។
លោក ញា ប៊ុនថន បន្តទៀតថា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ត្រូវបំពេញករណីយកិច្ចវិជ្ជាជីវៈមិនអាចខ្វះបាន។ ផ្ដើមចេញទាំងនេះ គឺតម្រូវឲ្យគ្រូពេទ្យមានសមត្ថភាពជំនាញមាំទាំ ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលទាមទារឲ្យមានលក្ខណៈសម្បត្តិចាំបាច់ ដើម្បីធានាថាការថែទាំ ការព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈទាំងគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
លោកបន្តដែរថា ការចាប់ផ្ដើមរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១២ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបឡើងវិញ ក្រោមកិច្ចគាំទ្រពីគណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្តកំពតពេលនេះ គឺចង់ឱ្យអ្នកចូលរួម ដោយផ្ទាល់ និងប្រយោលទាំងអស់ទទួលបានផលពីអង្គសិក្ខាសាលានេះ ដើម្បីធ្វើយ៉ាងណាធានាទាំងគុណភាព និងគុណប្រយោជន៍នៃសិក្ខាសាលា សំដៅពង្រឹងបន្ថែមរាល់ការចេះដឹងឲ្យបានមាំទាំច្បាស់លាស់ថែមទៀត។
ដូច្នេះសមាជិកអង្គសិក្ខាសាលាទាំងអស់ ត្រូវចូលរួមការស្ដាប់ការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរ និងចូលរួមកែលម្អ តាមរយៈបទបង្ហាញ និងការទទួលយកបទពិសោធន៍ ដំណោះស្រាយល្អៗ ចេញពីអង្គរសិក្ខាសាលានេះ ដើម្បីយកទៅបំពេញតួនាទី ភារកិច្ច និងប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន តាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈ ក៏ដូចជាសេវាឯកជននូវលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពបានកាន់តែល្អប្រសើរ៕