(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានណែនាំដល់ក្រុមការងារ នូវគន្លឹះសំខាន់ៗចំនួន៩ចំណុច ដើម្បីជំរុញឱ្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលល្អ។ ចំណុចសំខាន់ៗទាំង៩ចំណុចនោះរួមមាន៖
ទី១. ការផ្តោតការយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ ០១ បប ស្តីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ទី២. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តជំរុញ និងលើកទឹកចិត្ត ដល់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានា សិល្បករសិល្បការនីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សិប្បកម្ម ក្លឹបកម្សាន្ត ក្រុមហ៊ុន រោងចក្រ សហគ្រាស។ល។
ទី៣. ពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបង្កើនការទទួលខុសត្រូវថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យ ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនទាំងនៅតាម មណ្ឌលបណ្តោះអាសន្ន ក៏ដូចជានៅតាមសហគមន៍ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងស្ថានភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន។
ទី៤. ចំពោះមន្រ្តីអនុវត្តច្បាប់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទន្ទឹមនឹងការចូលរួម និងអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឱ្យបានម៉ត់ចត់ដើម្បីបញ្ឈប់ការផលិត ការនាំចូលការចរាចរជួញដូរការរក្សារទុក និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់ចូលនិងចេញពីកម្ពុជា។
ទី៥. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវតែធ្វើការណែនាំ និងដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសធានាឱ្យ បានថាយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ភូមិ ត្រូវបានបង្កើតដើម្បីធ្វើសកម្មភាពបង្ការ ទប់ស្កាត់និងបង្រ្កាប ឱ្យបាននូវរាល់បទល្មើសដែលមានការ ពាក់ព័ន្ធនឹងគ្រឿងញៀន។
ទី៦. ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យយល់ឱ្យបានច្បាស់អំពីគ្រឿងញៀន ហើយត្រូវចាត់ទុកថា បញ្ហាគ្រឿងញៀនគឺជា បញ្ហារបស់យើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែលក្រុមគ្រួសារអ្នកដទៃ កំពុងប្រឈមជាមួយនឹងបញ្ហានេះ ក្រុមគ្រួសាររបស់យើងក៏អាច បាននិងកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះ ដោយមិនដឹងខ្លួនផងដែរក៏អាចថាបាន។
ទី៧. ត្រូវសំណូមពរ និងអំពាវនាវដល់ និយោជក និងសហជីពទាំងអស់នៃរោងចក្រសហគ្រាស ឯកជនទាំងអស់សូមចូលរួមផ្សព្វផ្សាយ អប់រំបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងរោងចក្រ សហគ្រាសរបស់ខ្លួនដោយក្នុងនោះត្រូវបង្កើតឱ្យមានក្រុម ជនបង្គោលសម្រាប់ធ្វើការ អប់រំផ្សព្វផ្សាយដល់កម្មករកម្មការនី ទាំងអស់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ទី៨. ចំពោះមាតាបិតា ត្រូវពង្រឹងការទទួលខុសត្រូវថែមទៀត ក្នុងការអប់រំ ណែនាំថែទាំនិងត្រួតពិនិត្យឱ្យបានជាប្រចាំដើម្បីឱ្យកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវសហការឱ្យបានល្អ ជាមួយសាលារៀន ឬកន្លែងធ្វើការ ដើម្បីធានាថាកូនចៅពិតជាទៅសាលា ពិតជាបានចូលរៀន ឬពិតជាទៅធ្វើការ មិនទៅប្រព្រឹត្តអំពើផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ទី៩. ចំពោះអ្នកដែលបានប៉ះពាល់គ្រឿងញៀនរួចហើយ ត្រូវភ្ញាក់ខ្លួន ហើយត្រូវប្រញាប់ស្វែងរកការ គាំទ្រផ្សេងៗពិសេសត្រូវទៅ ទទួលយកការព្យាបាល និងស្តារនីតិសម្បទាតាមគ្រប់លទ្ធភាពគ្រប់យន្តការ និងគ្រប់ទីកន្លែងដែលនៅជិត ។
លោក ឃឹម ប៊ុនសុង បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៃមន្ទីរ-អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូជាអង្គការមិនមែន រដ្ឋាភិបាលជាតិ-អន្តរជាតិ វិស័យសាសនាវិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមនិង គាំទ្រយ៉ាងសកម្មដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ចរៀងៗខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនិងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃគ្រឿងញៀននិងក្នុង គោលដៅជំរុញការអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ការណែនាំរបស់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានធ្វើឡើង ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន «២៦ មិថុនា ២០១៦» នៅ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ឃឹម ប៊ុនសុងថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន «២៦ មិថុនា ២០១៦» ដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសស្ទើរតែអស់ទៅ លើសាកលលោក បានចូលរួមរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្រមបតាមស្មារតីនៃមហាសន្តិបាតអង្គការសហប្រជាជាតិ ដែលសម្រេចកាលពីឆ្នាំ១៩៨៧ ដើម្បីដាស់តឿននិងក្រើនរំឭកដល់ជនគ្រប់រូប ឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងបំផុសស្មារតី ក៏ដូចជាអំពាវនាវឱ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្ម ថែមទៀតក្នុងគ្រប់សកម្មភាពដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕