(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តុលាការកំពូល បានបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សវនាការនាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីលោក គី តិច មេធាវីគណបក្សប្រជាជនកម្ពុជា និងមានមេធាវីរបស់គ.ជ.ប ព្រមទាំងមានវត្តមានលោក សុន ឆ័យ អមដោយមេធាវីការពារ ២រូប និងព្រមទាំងមានសមាជិកគណបក្សភ្លើងទៀនមួយចំនួនទៀត។
លោកមេធាវី គី តិច បានឱ្យដឹងថា សវនាការ បានដំណើរការពេញមួយព្រឹក។ បន្ទាប់ពីដំណើរការសវនាការអស់មួយព្រឹកនេះ លោកជីវ កេងប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានប្រកាសថា សាលដីកា លើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ នឹងប្រកាសនៅវេលាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌ បន្ទាប់ពីលោក សុន ឆ័យ ប្រើវោហាស័ព្ទវាយប្រហារលើគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ ថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។
ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀលព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ។
ដោយមិនសុខចិត្តនឹងការសម្រេចនេះ លោក សុន ឆ័យ បានប្តឹងទៅកាន់សាលាឧទ្ទរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៏ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។
មិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ទើបលោក សុន ឆ័យ ប្តឹងបន្តទៅកាន់តុលាការកំពូល ហើយត្រូវបានបើកសវនាការជំនុំជម្រះនាព្រឹកថ្ងៃនេះ៕