(អ៉ីស្តង់ប៊ុល)៖ កងកម្លាំងប៉ូលិសតួកគី បានស៊ើបអង្កេត និងចាប់ខ្លួនជនសង្ស័យ ១៣នាក់ យកទៅឃុំឃាំងជាបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហារដោយភេរវកម្ម ទៅលើព្រលានយន្តហោះ ធំបំផុតក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៅយប់ថ្ងៃអង្គារកន្លងទៅនេះ បានបណ្តាលឲ្យមនុស្ស ៤២នាក់ស្លាប់ និងជិត ២៤០នាក់របួស។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយសារព័ត៌មាន CNN នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ខណៈដែលក្រុមគ្រួសារជនរងគ្រោះ និងប្រជាជាតិទាំងមូលកំពុងតែប្រារព្ធពិធីបុណ្យសពយ៉ាងក្រៀមក្រំនោះ ប៉ូលិសតួកគី បាននិងកំពុងខ្វែងដៃខ្វែងជើង ស្វែងរកជន និងក្រុមពាក់ព័ន្ធដែលបានប្រព្រឹត្តអំពើភេរវកម្មនេះ។ ពួក ISIS មិនបានចេញមុខមកទទួលខុសត្រូវ ដូចការសង្ស័យរបស់មេដឹកនាំតួកគីកាលពីដើមឡើយនោះទេ ខណៈសហគមន៍ អ៊ីស្លាមក្នុងតំបន់ ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា ក្រុមខ្លួនមិនជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនទាំង ១៣នាក់នោះ មាន៣នាក់ជាជនបរទេស ដែលភាគច្រើន ប៉ូលិសបានចាប់សញ្ញាបានពីកាមេរ៉ាសុវត្ថិភាព នៅក្នុងព្រលានយន្តហោះ ដែលកើតហេតុផ្ទាល់តែម្តង។ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍នេះមក ព្រលានយន្តហោះអ៉ីស្តង់ប៊ុល ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយ ក្រោមការរឹតបន្តឹងផ្នែកសន្តិសុខជាប់ជានិច្ច៕