(ភ្នំពេញ)៖ លោក ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីជំនាញបច្ចេកទេស ដល់មន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមាន លោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង និងជាគ្រូឧទ្ទេសនាម មកពីមហាអយ្យការអមសាលាឧទ្ធរណ៍ នៃក្រសួងយុត្តិធម៌។
លោក ហេង សុខណាង បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមជាមន្ត្រីពន្ធដារ មកពីសាខាពន្ធដារខេត្ត-ខណ្ឌទូទាំងប្រទេស។ វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ដោយសិក្សាផ្តោតទៅលើសិទ្ធិអំណាច របស់មន្ត្រីយុត្តិធម៌ក្នុងការអនុវត្តច្បាប់ នីតិវិធីស៉ើបអង្កេត ស្រាវជ្រាវបទល្មើស ពាក់ព័ន្ធទៅនឹងការគេចវេសបន្លំពន្ធ ធ្វើយ៉ាងណាដើម្បីលើកកម្ពស់វប្បធម៌ នៃការបង់ពន្ធ និងជំរុញការប្រមូលពន្ធ ឲ្យទទួលបានលទ្ធផលល្អ។
លោក ហេង សុខណាង បានបន្ថែមទៀតថា ក្រោយបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះ មន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងក្លាយខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ ឲ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស នគរបាលយុត្តិធម៌នេះ គឺជាលក្ខខណ្ឌមួយ ដែលតម្រូវដោយច្បាប់ ដើម្បីឲ្យមន្ត្រីពន្ធដារគ្រប់រូប ដែលបានស្បថនៅចំពោះមុខសាលាឧទ្ធរណ៍ និងនៅតាមបណ្តាសាលាដំបូងរាជធានី ខេត្តនានា ក្លាយជានគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ពេលលក្ខណៈច្បាប់។
លោកអគ្គនាយករង បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ មានចំនួន៦វគ្គ សិក្សាចាប់ពីថ្ងៃទី១៤ ដល់៣០ ខែមិថុនា ឆ្នាំ២០១៦ មានសិក្ខាកាមចូលរួមចំនួន ១០៩៦នាក់ ក្នុងនោះមន្ត្រីរាជការពន្ធដារ ដែលជានគរបាលយុត្តិធម៌ចំនួន ៥៣២នាក់ និងភ្នាក់ងារនគរបាលយុត្តិធម៌ចំនួន ៥៦៤នាក់។
ជាមួយគ្នានេះផងដែរ លោក ហេង សុខណាង បានផ្តល់ការណែនាំ ដល់សិក្ខាកាមដែលទទួលបាន នីតិសម្បទានជានគរបាលយុត្តិធម៌ ឲ្យយកចំណេះដឹងទទួលបាន ពីវគ្គបណ្តុះបណ្តាលនេះ ទៅបម្រើជាផលប្រយោជន៍ ក្នុងការអនុវត្តប្រមូលចំណូលពន្ធ ឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕