(ភ្នំពេញ)៖ ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Skylar ដែលធ្វើការសាងសង់ខុនដូកំពស់២៨ជាន់ នៅក្បែរក្រសួងមហាផ្ទៃ ត្រូវបានម្ចាស់ផ្ទះជាប់ព្រំដាក់ពាក្យបណ្ដឹង ទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សូមឲ្យជួយទប់ស្កាត់ផ្អាកការសាងសង់ជាបណ្ដោះ អាសន្នដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ នៅពេលដែលក្រុមហ៊ុននេះជីកដីលុងចុះក្រោមជំរៅជិត១០ម៉ែត្រធ្វើឲ្យមានការប្រេះស្រាំផ្ទះអ្នកជិតខាង ហើយមិនចេញមុខទទួលខុសត្រូវ ផ្ដល់សំណងដល់ភាគីម្ចាស់ផ្ទះរងគ្រោះ។
ការដ្ឋានសាងសង់ខុនដូខាងលើនេះមានទីតាំងនៅលើដីឡូត៌លេខ៥ និងលេខ៦ ច្រកផ្លូវលេខ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជារបស់ក្រុមហ៊ុនចិនឈ្មោះ Skylar។ ចំណែកភាគីរងគ្រោះមានឈ្មោះ នូ សុខុន ជាម្ចាស់ផ្ទះលេខ១៣b និង១៣bbis ផ្លូវលេខ៤១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គឺមានព្រំជាប់គ្នាជាមួយដីឡូត៌សាងសង់ខុនដូខាងលើនេះ។
យោងតាមពាក្យបណ្ដឹងដែលត្រូវបានភាគីម្ចាស់ផ្ទះរងគ្រោះដាក់ចូលទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ បានស្នើសុំឲ្យក្រសួងចេញលិខិតផ្អាកជាបណ្ដោះអាសន្ននូវសំណង់ខុនដូខាងលើជាបណ្ដោះអាសន្នដើម្បីធ្វើការត្រួតពិនិត្យ លក្ខណៈបញ្ចេកទេសឲ្យបានល្អិតល្អន់ជៀសវាងបង្កផលប៉ះពាល់ដល់អ្នកជិតខាងបន្តទៀត។
ពាក្យបណ្ដឹងបានរៀបរាប់បន្តថា ក្រុមហ៊ុន sky lar ដែលមានលោក សេក យ៉ាន ជាអគ្គនាយកបានធ្វើការសាងសង់អាគារខុនដូ និងជីកកកាយដីបណ្ដាលអោយស្រុត និងប្រេះរបង និងផ្ទះយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះនៅគ្រាដំបូងពេលចាប់ផ្ដើមសាងសង់ លោកស៊្រាង គឹមលី តំណាងក្រុមហ៊ុនបានអះអាងថាខុនដូនេះមិនមានធ្វើចំណតរថយន្តនៅក្រោមដីទេ គឺចំណតរថយន្តធ្វើនៅជាន់ទី១ដល់ជាន់ទី៦ ហើយការកាយដីនឹងមានត្រឹម៤ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែនៅពេលខួងចាក់គ្រឹះរួចរាល់ បែរជាចាប់ផ្ដើមជីកកកាយដីរហូតដល់ជំរៅ៨ម៉ែត្រ ដោយតំណាងក្រុមហ៊ុនបានអះអាងថាការសាងសង់មានការកែប្រែគំរោងមកសង់បន្ទប់ក្រោមដីវិញ ពេលនោះបានធ្វើអោយជញ្ជាំងរបងផ្ទះទាំងពីរនៅជាប់ការដ្ឋានចាប់ផ្ដើមប្រេះ និងដីនៅក្រោយផ្ទះចាប់ផ្ដើមស្រុត។
ក្រោយមកម្ចាស់ផ្ទះដែលរងនូវផលប៉ះពាល់បានប្រាប់ទៅខាងក្រុមហ៊ុន ហើយអគ្គនាយកក្រុមហ៊ុនបានមកជួបភាគីម្ចាស់ផ្ទះធ្វើការសុំទោសដោយអះអាងថា ក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនធំ និងល្បីឈ្មោះបំផុតនៅប្រទេសចិនមានវិស្វករចិនជំណាញៗ និងគិតពីសុវត្ថិភាពជាចំបង នឹងមានវិធានការមិនអោយមានផលប៉ះពាល់ខូចខាតឡើយ។ ប៉ុន្តែក្រោយមកក្រុមហ៊ុនខាងលើនេះមិនបានអនុវត្ត តាមកិច្ចសន្យានោះឡើយ ពោលគឺនៅតែបន្តសាងសង់ ហើយផ្ទះ និងរបងទាំងពីរនៅតែបន្តបាក់ស្រុត ហើយដោយសារតែមានការយោគយល់ ក្នុងនាមអ្នកជិតខាង ភាគីម្ចាស់ផ្ទះតែងតែមានឆន្ទៈក្នុងការសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហា ដោយព្យាយាមជជែកដោះស្រាយម្ដងជាពីរដងតាមរយៈមេធាវី តែក្រុមហ៊ុននេះតែងតែពន្យារពេល ធ្វើយ៉ាងណាដើម្បីបញ្ចប់ការងារ ដោយដំណើរការសាងសង់ដោយមិនប្រកាន់ថ្ងៃឬយប់ឡើយ។
សូមបញ្ជាក់ថាទីតាំងផ្ទះរបស់ជនរងគ្រោះនេះពីមុនមកបានជួលអោយបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកស្នាក់នៅដោយខាងភាគីស្ថានទូតតែងតែមកធ្វើការត្រួតពិនិត្យទីតាំងផ្ទះច្បាស់លាស់ធានាសុវត្ថិភាពហើយទើបគេជួលអោយបុគ្គលិកគេស្នាក់នៅ។ ប៉ុន្តែក្រោយក្រុមហ៊ុន Skylar មកសាងសង់ខុនដូបង្កផលប៉ះពាល់បណ្ដាលអោយប្រេះស្រាំកាលណាមក ក្រុមហ៊ុននេះបានទទួលស្គាល់ ហើយបានចេញមុខចំណាយលុយជួលខុនដូនៅទីតាំងផ្សេងអោយបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកស្នាក់នៅជាបណ្ដោះអាសន្ន នេះសបញ្ជាក់អោយឃើញពីការទទួលស្គាល់កំហុសលើការបង្កអោយមានផលប៉ះពាល់ទៅលើផ្ទះអ្នកជិតខាងដូចជាប្រេះ ស្រុតជាដើម និងក៏ជាការទទួលខុសត្រូវផងដែរ។
ក្នុងនោះកន្លងមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌចំការមនធ្លាប់ចុះទៅធ្វើកិច្ចសន្យាផ្អាកការសាងសង់ពីរលើករួចមកហើយ តែក្រុមហ៊ុននេះមិនដែលអនុវត្តតាមនោះទេ និយាយរួមគឺក្រុមហ៊ុនចិនមួយនេះមើលងាយលើច្បាប់ និងមន្ត្រីជាអ្នកអនុវត្តច្បាប់តែម្ដង។
ពាក់ព័ន្ធបណ្ដឹងខាងលើនេះ
ទី១៖ ភាគីម្ចាស់ផ្ទះរងគ្រោះបានសំណូមពរសូមឲ្យលោកទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីពិនិត្យលទ្ធភាពផ្នែកច្បាប់ផ្អាកសំណង់នេះជាករណីប្រញាប់និងបន្ទាន់បំផុត។
ទី២៖ សូមឲ្យម្ចាស់សំណង់ចាត់វិធានការចាំបាច់បន្ទាន់ដើម្បីទប់កុំអោយបាក់ដី ស្រុតដី និងរបងផ្ទះអ្នកជិតខាងបន្តទៀត។
ទី៣៖ ពិនិត្យលទ្ធភាពលិខិត និងប្រកាសអនុញ្ញាតសំណង់នេះឡើងវិញ និងសំណូពរអោយវាយតំលៃផលប៉ះពាល់ និងលក្ខណៈសុវត្ថិភាពដោយផ្ទាល់ជាមុនសិន មុននឹងអនុញ្ញាតអោយធ្វើការសាងសង់បន្ត ដោយសូមអោយវាយតំលៃ និងការទទួលខុសត្រូវជាផ្លូវការពីជំនាញផ្ទាល់ដែលបានអនុម័តប្លង់នេះ។
ទី៤៖ ដោះស្រាយសំណងលើផ្ទះទាំងពីរ និងកំណត់ការទទួលខុសត្រូវរបស់ក្រុមហ៊ុនលើការធ្វើឲ្យខូចខាតទៅថ្ងៃអនាគតទាំងសំណង និងការប៉ះពាល់ជាយថាហេតុដល់រូបរាងកាយ ឬអាយុជីវិតអ្នកដ៏ទៃនៅពេលមានហេតុការណ៍កើតឡើងដោយសារការដ្ឋានសំណង់នេះ រួមទាំងដោះស្រាយសំណងការអាក់ខានការធ្វើអាជីវកម្មផ្ទះទាំងពីរខាងលើ និងចំណាយផ្សេងៗរួមទាំងជំងឺចិត្តផងដែរ។
ទី៥៖ សូមពិនិត្យលទ្ធភាពអោយអ្នកប្រព្រឹត្តខុសបញ្ចេកទេស ងាកត្រឡប់ទៅអនុវត្តច្បាប់ និងវិធានជាធរមានជាដាច់ខាតដោយមានការបញ្ជាក់ពីក្រសួង។
ទី៦៖ សូមអោយក្រុមហ៊ុនធានាពីភាពរឹងមាំរបស់ខុនដូ ដោយមិនអោយមានផលប៉ះពាល់ដល់អ្នកជិតខាង និងអ្នកដ៏ទៃតទៅទៀតឡើយ។
បច្ចុប្បន្នសំណង់អាគារខុនដូខាងលើនេះបានដំណើរការសាងសង់គ្រឹះខាងក្រោមរួចរាល់ហើយ តែក្រុមហ៊ុននេះនៅតែមិនព្រមដោះស្រាយផលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនៅឡើយទេ ដោយហាក់ដូចជាចង់គេចវេស ខណៈដំបូងឡើយខ្លួនបានទទួលស្គាល់កំហុសជាលាយលក្ខអក្សរផងនោះ។
ពាក់ព័ន្ធបណ្ដឹងខាងលើ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីភាគីក្រុមហ៊ុន Skylar បានឡើយ ដោយសារពុំមានលេខទូរស័ព្ទសំរាប់ធ្វើការទាក់ទង៕