(ព្រះសីហនុ)៖ ក្រោយទទួលបានដំណឹងថាមានប្រជាពលរដ្ឋ បានរងគ្រោះដោយសារពុលចំណីអាហារ (នំបាញ់ស៊ុង) ចំនួន ២៤នាក់ នៅភូមិក្រាំងអាត់ ឃុំកំពង់សិលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក៏បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយថវិកា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង២៤នាក់នោះភ្លាមៗ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងជួយឧបត្ថម្ភដល់មណ្ឌលសុខភាពតក្កវិទ ចំនួន១លានរៀលផងដែរ។
បេីតាមរបាយការណ៍ពីអភិបាលស្រុក និងអាជ្ញាធរស្រុកកំពង់សីលា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលមានអការ:ពុលចំណីអាហារនេះ ប្រជាពលរដ្ឋប្រមាណជា ៤០នាក់ បានទៅចូលរួមកម្មពិធីជប់លៀងខួបកំណេីតនៅចំណុចភូមិឃុំខាងលេី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហេីយក៏បានបរិភោគចំណីអាហារចំនួន០៣មុខ ក្នុងនោះរួមមាន៖ ឆាសាច់មាន់,ញាំបន្លែគ្រប់មុខ,និងបាញ់ហ៊យ ដែលមានប្រភពដេីមមកពីផ្សារជម្ពូវន្ត និងខេត្តកំពង់ស្ពឺ ប៉ុន្តែអ្នកពុលមានចំនួន២៤នាក់។ លោកបន្តថា អ្នកជំងឺមានអការ:មិនស្រួលខ្លួននៅយប់ថ្ងៃទី១៣ រហូតដល់ព្រឹកឡេីងថ្ងៃទី១៤ អ្នកជំងឺ ទាំង២៤នាក់ បានស្វែងរកសេវាព្យាបាលនៅកន្លែងផ្សេងៗគ្នា ដែលនៅជិតផ្ទះរបស់ពួកគាត់។
លោកបញ្ជាក់បន្ថែមថា ពលរដ្ឋចំនួន២៤នាក់ ក្នុងនោះ១៨នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពតក្កវិទ ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងនៅពេទ្យផ្សេងចំនួន១នាក់ ៥នាក់ទៀតមានសភាពស្រាលសម្រាកព្យាបាលនៅផ្ទះ៕