(ញូដេលី)៖ ប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ប្រភេទវាយប្រហារដែនអាកាស ប្រកបដោយជោគជ័យ នៅឆ្នេរសមុទ្រនៃរដ្ឋ Odisha ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។
គ្រាប់មីស៊ីល MR-SAM ឥណ្ឌាបានព្យាយាមអភិវឌ្ឍន៍និងផលិតចេញមកប្រកបដោយ សមត្ថភាពខ្ពស់ ដែលអាចធ្វើ ការវាយប្រហារសត្រូវពីដីទៅលើអាកាសបានយ៉ាងមានប្រសិទ្ធភាព និងចំគោលដៅល្អ។ ខណៈទទួលបានជោគជ័យ នេះ កងទ័ពឥណ្ឌាបានប្រកាសថា ខ្លួននឹងផលិតមីស៊ីលប្រភេទនេះឲ្យបានចំនួន ១០០គ្រាប់យ៉ាងតិចក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា សមត្ថភាពមីស៊ីលនេះ អាចធ្វើការវាយប្រហារមីស៊ីលរបស់សត្រូវក្នុងរយៈចម្ងាយ ៧០ គីឡូម៉ែត្រ ដោយវានឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅកងទ័ពជើងគោក និងជើងទឹកឥណ្ឌា៕