(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ និងបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្មើររជើងសហការជាមួយរថក្រោះរបស់យោធភូមិភាគទី៥ ស្ថិតនៅភូមិកណ្តាលស្ទឹងឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ៩លើផ្ទៃប្រទេស អភិបាលនៃគណៈអភិបាលខេត្ត ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ចំណុះគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៥ យោធាចារ្យកម្មសឹក្សាការី ចំនួន១៥២០នាក់ ផងដែរ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានពាំនាំនូវការសួរសុខទុក្ខ សេចក្តីនឹករំលឹក របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់មេបញ្ជាការ មេបញ្ជាការង មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់។
នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត ភារកិច្ច ដូចជា បន្តពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ គោរពអនុវត្តអនុសាសន៍ ខ្លឹមសារ៦ចំណុច បទបញ្ជារបស់សម្តេចតេជោ ឲ្យបានម៉ឺងម៉ាត់ដាច់ខាត។
នាយឧត្តមសេនីយ៍បន្ដថា មេបញ្ជាការ កងឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកការងារហ្វឹកហ្វឺន អប់រំរៀនសូត្រ ជាភារកិច្ចដ៏មានសារៈសំខាន់ ត្រូវចាត់តាំង វគ្គហ្វឹកហ្វឺនតាមកំរិតធ្វើលំហាត់យុទ្ធវិធីបាញ់គ្រាប់ពិតទន្ទឹម និងការហ្វឹកហាត់នៅហ្នឹងកន្លែងតាមម៉ោងរដ្ឋបាល សំដៅលើកកម្ពស់សមត្ថភាព កំរិតយល់ដឹង ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្នាក់លើប្រគល់ឲ្យ។
នាយឧត្តមសេនីយ៍ បន្ថែមថា ក្រោយបញ្ជប់វគ្គហ្វឹកហ្វឺននេះ គ្រប់ជំនាញទាំងអស់ ត្រូវយកលំហាត់យុទ្ធវិធីសហការប្រយុទ្ធរវាងថ្មើរជើង និងរថក្រោះធ្វើជាបទពិសោធន៍ សម្រាប់បំពេញភារកិច្ចការពារជាតិមាតុភូមិ ព្រមទាំងយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សា យុទ្ធបរិក្ខា មធ្យោបាយគ្រប់ប្រភេទ ដែលបានបំពាក់ ឲ្យបានល្អប្រសើរ ទន្ទឹមនោះបង្កើនការធានាជីវភាពរស់នៅ សុខមាលភាព តាមរយៈការបង្កបង្កើនផល ចិញ្ចឹមសត្វ ដល់កងកម្លាំង។
ចុងបញ្ចប់នៃកម្មវិធី នាយឧត្តមសេនីយ៍ ទៀ បាញ់ បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយស ជូនប័ណ្ណលិខិតសរសើរ ដល់នាយទាហាន នាយនគរបាល យោធាចារ្យ កម្មសិក្សាការី ដែលមានស្នាដៃល្អ រួចបានឧបត្ថម្ភថវិកាជូនអង្គពិធី១៥,០០០,០០០រៀល ជូនគ្រួសារកងទ័ព១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូ សារុងមួយ ថវិកា២០,០០០រៀល ផងដែរ៕