(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានរំលឹកអំពីការរួមចំណែករបស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជាបង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។
លោកមេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) និងជូនពរឲ្យទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ទទួលបានលទ្ធផលល្អផងដែរ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) បានសម្ដែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ ធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។ នាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ ក៏បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះ ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាថែមទៀត៕