(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ៨ចំណុច ដល់សមាគមបុគ្គលិកសិក្សាខ្មែរ សម្រាប់ពិចារណាក្នុងគោលបំណងពង្រឹងប្រក្រតីភាពសមាគម ក្រោមការដឹកនាំរបស់គណៈកម្មាធិការកណ្តាលថ្មី ក៏ដូចជាសម្រាប់គណៈកម្មាធិការ រាជធានី ខេត្ត ដែលនឹងជ្រើសតាំងតាមការបោះឆ្នោតនាពេលខាងមុខឱ្យទទួលបានលទ្ធផលកាន់តែល្អតាមការរំពឹងទុក។

ការដាក់ចេញមតិណែនាំទាំងនេះ បានធ្វើឡើងនាឱកាសដែលលោកបណ្ឌិតសភាចារ្យ អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសមាគមបុគ្គលិកសិក្សាខ្មែរ អាណត្តិទី១៣ ដែលបានរៀបចំឡើងនៅសាលាមធ្យមសិក្សា គរុកោសល្យមត្តេយ្យមជ្ឈឹម នាថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីតំណាងប្រតិភូទូទាំងប្រទេស រួមទាំងភ្ញៀវកិត្តិយសប្រមាណ ១៨០នាក់។

មតិណែនាំទាំង ៨ចំណុច ដល់សមាគមបុគ្គលិកសិក្សាខ្មែរ របស់លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានដូចជា៖

១៖ គោលការណ៍ប្រតិបត្តិរបស់សមាគម គឺធ្វើសកម្មភាពដោយស្ម័គ្រចិត្ត និងស្ថិតនៅក្រៅនយោបាយដែលជាកម្លាំងទាក់ទាញសំណើសុំចូលជាសមាជិក សមាជិកា ពីសំណាក់ គ្រូបង្រៀន គ្រប់កម្រិតសិក្សាម្យ៉ាង និងម្យ៉ាងទៀតការងាររដ្ឋបាល និងហិរញ្ញកិច្ច គឺជាគម្នាស់ ប្រក្រតីភាពរបស់សមាគម ដើម្បីឧត្តមគតិ គរុសង្គហៈ ដែលអង្គពិភាក្សា គប្បីរកវិធីពង្រឹងប្រក្រតីភាពនេះ ឲ្យកាន់តែរឹងមាំឈានទៅបំបាត់ អនិយតភាព ( អ្វីៗដែលមិនត្រឹមត្រូវ) ឲ្យបានបរិមា។

២៖ លក្ខន្តិកៈ និងបទបញ្ហា គឺជាគ្រឹះនៃសកម្មភាព ប្រកបដោយគណនេយ្យភាព តម្លាភាព ដែលនាំឲ្យអភិបាលកិច្ចទទួលបានទំនុកចិត្ត។ ដូចនេះការធ្វើវិសោធនកម្ម ឲ្យសមស្របតាមកាលៈទេសៈ គប្បីពិភាក្សាហ្មត់ចត់ដើម្បីអាចអនុវត្តបានដោយប្រសិទ្ធភាព។

៣៖ ការប្រមូល និងការផ្ទេរភាគទាន ដែលជាធនធាននៃដំណើរការសមាគម គប្បីពិភាក្សាពរកវិធីលើកទឹកចិត្តសមាជិកទទួលបន្ទុកការងារនេះ ទាំងស្មារតី ទាំងសម្ភារៈ។

៤៖ ករណីទស្សនាវដ្តីគ្រូបង្រៀន គប្បីបំផុសឲ្យសមាជិក សមាជិកា ចែករំលែកបទពិសោធន៍ តាមរយៈសំណេរអត្ថបទ ទាក់ទងនឹងការងាអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ដើម្បីលើកកម្ពស់គុណភាព វណ្ណកម្ម នេះឲ្យកាន់តែប្រសើរ សំដៅទាក់ទាញចំណាប់អារម្មណ៍អ្នកអាន។

៥៖ ចំពោះ រាជធានី ខេត្ត គ្មានទីតាំងសម្រាប់សាងសង់ផ្ទះគ្រូបង្រៀន ដែលសព្វថ្ងៃសមិទ្ធផលនេះ សម្រេចបាន ១៦ខេត្ត រួចហើយ និងកំពុងសាងសង់បញ្ចប់នៅខេត្តកោះកុង គប្បីពិភាក្សាប្តូរពីសំណង់ផ្ទះគ្រូបង្រៀនទៅជាសំណង់ផ្សេងៗ តែចាំបាច់ត្រូវរក្សាគោលដៅបម្រើផលប្រយោជន៍ សមាជិក សមាជិកា។

៦៖ ការផ្តល់ប្រាក់គរុមរណូបត្ថម្ភ ដល់គ្រួសារសពតាមបណ្ដាំ គប្បីរកវិធីជម្រុញឲ្យបានឆាប់រហ័ស បើមានឯកសារគ្រប់គ្រាន់។ ប៉ុន្តែគួរពិចារណាអនុគ្រោះចំពោះស្ថានការណ៍ជាក់ស្តែង បើអាចធ្វើបាន។

៧-គណៈកម្មាធិការត្រួតពិនិត្យថ្នាក់រាជធានី ខេត្ត ត្រូវខិតខំបំពេញតួនាទីឲ្យបានល្អ តាមការកំណត់របស់លក្ខន្តិកៈ។

៨-សមាគម ស.ប.ស.ខ. ជាអង្គការមិនមែនរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែចាំបាច់ត្រូវធ្វើជាដៃគូរួមចំណែកជាមួយរាជរដ្ឋាភិបាល បំពេញភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ពិសេសអំពាវនាវឲ្យសមាជិក សមាជិកា អញ្ជើញទៅបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីអាក់ខានឡើយ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក្នុងនាមក្រសួង អប់រំ យុវជន និងកីឡា និងជាសមាជិក១រូប ក៏បានថ្លែងកោតសរសើរដោយស្មោះពីការត្រៀមលក្ខណៈហ្មត់ចត់សម្រាប់ការរៀបចំ និងការប្រព្រឹត្តទៅទាំងទម្រង់ ទាំងខ្លឹមសារ សំដៅប្រមូលធាតុចូលនៃបញ្ញាញាណរបស់អង្គពិធីជួបផ្សំនឹងលទ្ធផលផ្លែផ្កានៃការខិតខំរបស់ ស.ប.ស.ន. គ្រប់ថ្នាក់កណ្តាល រាជធានី ខេត្ត ដូចរបាយការណ៍អំពីវឌ្ឍនភាព ក្នុងរយៈពេល៤ឆ្នាំ នៃអាណត្តិទី១៣ (២០១៩-២០២២) ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា លទ្ធផលល្អប្រសើរដោយគ្មានការរំជើបរំជួល អ្វីគួរឲ្យកត់សម្គាល់ ដែលសមាគមសម្រេចបាន វាមិនមែនជាហេតុការណ៍ចៃដន្យនោះទេ តែគឺជាការខិតខំ ប្រឹងប្រែងរួម ដោយគ្មានការបម្រុងអ្វីទាំងអស់ របស់គណៈកម្មធិការគ្រប់ថ្នាក់ រួមនិងការគាំទ្រពីសមាជិក សមាជិកាបង្កើតបានជាស្មារតី គរុសង្គហៈ ចាប់ពីពេលបង្កើតសមាគមឡើងវិញផងដែរ៕