(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្រៅចំនួន២ភូមិ ក្នុងឃុំតាវែងលើ ស្រុកតាវែង ដែលបានមកទទួលវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធសមូហភាព ដែលរៀបចំឡើងនៅស្រុកតាវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ពីសុខទុក្ខការលើកកម្ពស់នូវសិទ្ធិ និងសេរីភាព សិទ្ធិលើកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច។
ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យស្ដីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដើម្បីឱ្យពុកម៉ែបងប្អូន មានសិទ្ធិលើដីធ្លីដែលជាកម្មសិទ្ធិសមូហភាពសម្រាប់សហគមន៍ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិ ស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី ការធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការពារកម្មសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើម។
លោកអភិបាលខេត្តបន្តថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងសិទ្ធិលើកម្មសិទ្ធិសមូហភាព លើដីធ្លីសហគមន៍ ដែលមាននាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សន្តិភាព ក៏ជាមូលដ្ឋាននៃសិទ្ធិផ្សេងៗទៀត មានជាអាទិ៍ សិទ្ធិប្រកបមុខរបរ សិទ្ធិទទួលបានការអប់រំ សិទ្ធិលើដីធ្លី សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិក្នុងការរស់នៅប្រកបដោយសុខុមនីយកម្ម និងដោយមិនមានការភ័យខ្លាច។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ញ៉ែម សំអឿន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុត្រូវចូលរៀន សូមបញ្ជូន និងជំរុញឱ្យពួកគេចូលរៀនឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគាត់មានចំណេះដឹង ក្នុងន័យជួយ សង្គមជាតិឱ្យមានការរីកចម្រើន លុបបំបាត់នូវភាពមិនចេះអក្សរ និងសំណូមពរដល់អ្នក ដែលគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានិងចូលរួមបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៊ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ ដើម្បីបង្ហាញឆន្ទៈជ្រើសរើសថ្នាក់ដឹកនាំដែលល្អ ធានានូវភាពរីកចម្រើន សុខសន្តិភាព ការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។
សូមបញ្ជាក់ថា តាមរបាយការណ៍ដែលបានលើកឡើងដោយលោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្តរតនគិរី បានឲ្យដឹងថាការចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចព្រៅនាពេលនេះមាន២សហគមន៍គឺ សហគមន៍ភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែងចំនួន៧៦គ្រួសារ មានប័ណ្ណសរុបចំនួន២៧វិញ្ញាបនបត្រ លើផ្ទៃដី៣៧៨ហិកតា ៩៩អា និង៤៤សង់ទីអា ក្នុងនោះមានដីលំនៅដ្ឋានមានចំនួន២ក្បាលដី ស្មើនឹង៦ហិកតា ១៨អា និង៨៥សង់ទីអា, ដីកសិកម្មមានចំនួន២២ក្បាលដី ស្មើនឹង៣៣០ហិកតា ១១អា និង៨៤សង់ទីអា, ដីបម្រុងដូរវេនដំណាំ៣ក្បាលដី ស្មើនឹង ៣០៧ហិកតា និង ៣១៥អា, ដីព្រៃកប់ខ្មោចចំនួន៣ក្បាលដីស្មើនឹង ៤ហិកតា ៨២៦អា និងដីព្រៃអារក្សមានចំនួន១ក្បាលី ស្មើនឹង៧ហិកតា ៤អា និង ៤០សង់ទីអា។
សហគមន៍ភូមិប៉ាកិត ដីលំនៅដ្ឋានមានចំនួន៧ក្បាលដី ស្មើនឹង ៩ហិកតា ៩៣អា និង ៩សង់ទីអា, ដីកសិកម្ម ១១ក្បាលដី ស្មើនឹង ៨២០ហិកតា ២៩អា និងសង់ទី ៨៨អា, ដីព្រៃកប់ខ្មោចមានចំនួន៣ក្បាលដី ស្មើនឹង២ហិកតា ៤៣អា និង ៤៦សង់ទីអា, ដីបម្រុងដូរវេនដំណាំមាន៣ក្បាលដី ស្មើនឹង ៤៧៧ហិកតា, ដីព្រៃអារក្សមានចំនួន១ក្បាដី ស្មើនឹង ៦ហិកតា ៧៦អា និង ៧៤សង់ទីអា៕