(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោក ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់។
ក្នុងសារលិខិតផ្ញើជូនលោកស្រី ឡុង ម៉ារី ភរិយាសពលោក ខូយ សុខា, សម្ដេចពិជ័យសេនា ទៀ បាញ់៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំ ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ឯកឧត្តម ខូយ សុខា ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ បានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ខូយ សុខា សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕