(ភ្នំពេញ)៖ លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីទិសដៅការងារ និងសកម្មភាពចម្បងៗ ដែលក្រសួងបានកំណត់ក្នុងផែនការ សកម្មភាពនៅក្នុងឆ្នាំ២០២៣នេះ។
ថ្លែងនៅក្នុងពិធីបិទសន្និបាត ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់ទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានដូចជា៖
១៖ ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស
* គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២, កំណាត់ ផ្លូវជាតិលេខ៥ ភាគខាងត្បូង(ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង)
* ត្រៀមនឹងអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣(វាលរេញ-ត្រពាំងល្ពៅ), ផ្លូវជាតិលេខ២៣(ឃុំលើកដែក-ស្រុកលើកដែក), ផ្លូវជាតិលេខ៦៧(សៀមរាប-អន្លងវែង-ជាំ/សាង៉ាំ), កំណាត់ផ្លូវជាតិលេខ៧(រមាត-ត្រពាំងគ្រៀល), កំណាត់ផ្លូវជាតិលេខ៨(ព្រែកតាមាក់-ក្រែក ផ្លូវជាតិលេខ៧), ផ្លូវជាតិលេខ៧៣(ប្រធាតុ-ព្រំប្រទល់ខេត្តក្រចេះ), ផ្លូវខេត្តលេខ៣៧៧(ក្រុងក្រចេះ-សំបូរ), ផ្លូវខេត្តលេខ៣៧៧A(សណ្ដាន់-សង្គម), ផ្លូវខេត្តលេខ៣១២(តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី), ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)
* គ្រោងនឹងបើកការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនៅពាក់កណ្ដាល ឆ្នាំ២០២៣ និងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៧ និងគ្រោងពិភាក្សាឱ្យបានលម្អិតបន្ថែមទៀតជាមួយភាគីវៀតណាមលើការកំណត់ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ
* ជំរុញបញ្ចប់ការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងសៀមរាប
* ជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងដីចំណីផ្លូវរថភ្លើង
* បញ្ចប់ និងដាក់ឱ្យដំណើរការកម្មវិធី(APP) តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិ មធ្យោបាយ វឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោង ចាប់តាំងពីពេលបើកការដ្ឋានសាងសង់រហូតដល់បញ្ចប់គម្រោងសាងសង់។
២៖ ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
* ជំរុញបញ្ចប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី និងការរៀបចំផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០
* គ្រោងរៀបចំពិព័រណ៍ផ្លាកលេខ និងរថយន្ត រួមទាំងបន្តជំរុញការប្រមូលចំណូលពីការលក់លេខពិសេស (លេខរាជធានី-ខេត្ត) និងពិសេសផ្ទាល់ខ្លួន
* បន្តពង្រីកមណ្ឌលផ្តល់សេវាសាធារណៈបន្ថែម នៅតាមផ្សារទំនើបតាមរាជធានី-ខេត្ត
* ជំរុញការសិក្សា និងរៀបចំគោលនយោបាយសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី(EV) រួមទាំងបន្តបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីវិនិយោគលើស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
* ជំរុញការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដោយមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត
* បន្តកែលម្អស្ថានីយថ្លឹងរថយន្តនៅទូទាំងប្រទេស និងសាងសង់ស្ថានីយថ្លឹងរថយន្តបន្ថែមនៅតាមបណ្តាផ្លូវសំខាន់ៗ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ចាប់ល្បឿននិងទម្ងន់ (AI, Weight in Motion) នៅតាមស្ថានីយជញ្ជីងនីមួយៗ
* ជំរុញការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
៣៖ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
* ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ ១)បន្តសហការជាមួយJICA ក្នុងការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងពន្លឿនការសាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៣៥០ម ជម្រៅ ១៤,៥ម ដែលមានសមត្ថភាពលើកដាក់ទំនិញរហូតដល់ ១លាន TEUs/ឆ្នាំ និង ២)បន្តសហការក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងទី៣* ការងារកំពង់ផែស្វយ័តភ្នំពេញ៖ ១)បន្តពង្រីកសមត្ថភាពផ្ទុកកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ បន្ថែមទៀត (ជំហានទី៣ ដំណាក់កាលទី២) ព្រមទាំងគ្រោងបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ICT ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាទាំងផ្នែកប្រតិបត្តិការ និងផ្នែករដ្ឋបាល និង ២)បន្តអភិវឌ្ឍចំណតផែរណបតាមដងទន្លេរួមមាន៖ ចំណតផែរណបពហុបំណងទន្លេបិទUM២, ចំណតផែរណបពហុបំណងកោះរកាLM២៦, ចំណតផែរណបពហុបំណងព្រែកក្តាម, ចំណតផែរណបពហុបំណងសុវណ្ណភូមិLM២៥ និងចំណតផែរណបពហុបំណងកំពង់ឆ្នាំង-កំពង់ធំ
* គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តកំពត ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិបានប្រមាណ ១លាននាក់ក្នុងមួយឆ្នាំ
* គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទំនិញទូទៅនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង
* គ្រោងនឹងរៀបចំកិច្ចប្រជុំពិភាក្សាលម្អិតជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីវាយតម្លៃលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ និងពិនិត្យលទ្ធភាពក្នុងការជំរុញការអនុវត្តគម្រោងស្តារនិងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់
* ជំរុញការធ្វើបច្ចុប្បន្នភាព និងពង្រឹងការងារគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ(Port EDI) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជំរុញការងារផ្សព្វផ្សាយលើការប្រើប្រាស់ប្រព័ន្ធនេះឱ្យកាន់តែទូលំទូលាយ
* បន្តជំរុញការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានដូចជា៖ ច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងនីតិវិធីចុះបញ្ជីជលយាន រួមទាំងសេចកី្តព្រាងបទប្បញ្ញតិ្តពាក់ព័ន្ធនានា។
៤៖ ការងារផ្លូវដែក
* ជំរុញការអនុវត្តគម្រោងលើកកម្រិតផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ឱ្យទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ទៅនឹងខ្សែផ្លូវដែកល្បឿនលឿនថៃ-ឡាវ-ចិន
* ជំរុញបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ក្រុងព្រះសីហនុ) ឱ្យទៅជាផ្លូវដែកល្បឿនលឿន និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវដែកល្បឿនលឿនថ្មី(ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ-បាវិត)
* ជំរុញការសិក្សា និងស្វែងរកដៃគូអភិវឌ្ឍន៍លើគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាបទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ និងគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ រួមទាំងគម្រោងផ្លូវ រថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ។
៥៖ ការងារភ័ស្តុភារកម្ម
* បន្តសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដើម្បីទទួលបានការអនុម័តពីក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងរាជរដ្ឋាភិបាលកម្ពុជា
* រៀបចំសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្ម” (Law on Logistics Management and Development) នៅកម្ពុជា
* គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែន(ព្រៃវល្លិ៍-ប៊ិញហៀប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងការបើកឱ្យដំណើរការជាផ្លូវការអគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន)
* បន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមហ៊ុន YCH និង IFC ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងក្រុងព្រះសីហនុ។
៦៖ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់
* ជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ បទដ្ឋានបច្ចេកទេស ក្នុងការសាងសង់ ជួសជុល ថែទាំ និងប្រតិបត្តិការ
* ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការជាមួយភាគីចិន
* ជំរុញបញ្ចប់ការសិក្សាបច្ចេកទេសលម្អិតលើការសាងសង់ប្រព័ន្ធដាច់ដោយឡែករវាងលូទឹកកខ្វក់និងលូទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល
* រៀបចំផែនការមេស្ដីពីការអភិវឌ្ឍ គ្រប់គ្រង ត្រួតពិនិត្យ និងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្ត និងទីប្រជុំជនសំខាន់ៗ
* បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការស្ថាបនានិងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ បណ្តាញលូបង្ហូរទឹក និងទីលានទុកដាក់សំរាម នៅខេត្តសៀមរាប កណ្ដាល កំពង់ស្ពឺ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
៧៖ ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល
* បន្តអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធានាឱ្យការបំពេញមុខងារមានប្រសិទ្ធភាព និងឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈល្អប្រសើរ
* ជំរុញការអភិវឌ្ឍធនធានមនុស្ស និងអ្នកបន្តវេនប្រកបដោយគុណភាព តាមរយៈការពង្រឹងនិងពង្រីកសមត្ថភាពវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
* បន្ដទំនាក់ទំនងជាមួយស្ថាប័នអប់រំស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍អប់រំ និងការអភិវឌ្ឍកម្មវិធីសិក្សានិងការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
* រៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សាសម្រាប់ពង្រឹងជំនាញសមត្ថភាពបុគ្គលិក-មន្រ្តីរាជការ និងអ្នកបច្ចេកទេសអនុវត្តគម្រោងសាងសង់នានា។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនៃការអនុវត្តការងារឆ្នាំចាស់ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ-បុគ្គលិកកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបេ្តជ្ញាចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តទិសដៅការងារដែលក្រសួងបានដាក់ចេញសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅរបស់ក្រសួង ដែលផ្ដោតលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ប្រកបដោយប្រសិទ្ធភាព ដែលរួមមានទាំងផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវដែក៕