(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញក្តីកង្វល់លើការផលិតអំបិលរបស់សហគមន៍ ដោយសារតែត្រូវពឹងផ្អែកទាំងស្រុង លើកត្តាអាកាសធាតុ មានន័យថា ប្រសិនបើអាកាសធាតុអំណោយផល បរិមាណអំបិលនឹងមានកំណើន ក៏ប៉ុន្ដែប្រសិនបើអាកាសធាតុប្រែប្រួល មានភ្លៀងធ្លាក់ច្រើន ការផលិតអំបិលក៏ធ្លាក់ចុះ។
លោកថា ក្នុងឆ្នាំនេះការផលិតអំបិលក៏មានបញ្ហាប្រឈម ដោយសារតែកម្ពុជារងនូវឥទ្ធិពលព្យុះ ដូច្នេះការផលិតអំបិលកើនឡើង ឬថយចុះពឹងទាំងស្រុងលើអាកាសធាតុ ប្រសិនបើមិនមានភ្លៀងធ្លាក់ទេ ការផលិតអំបិលនឹងប្រព្រឹត្តិទៅដោយល្អប្រសើរ ប៉ុន្ដែបើមានភ្លៀងធ្លាក់ បរិមាណអំបិលក៏ថយចុះដូចគ្នា។
ដោយសារតែបញ្ហាអាកាសធាតុ បណ្ដាលឲ្យការផលិតអំបិលឆ្នាំ ២០២២ ទទួលបានទិន្នផលតិចតួច បានតែចំនួន ៣ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យមានការនាំចូលអំបិល ដើម្បីមកបំពេញតម្រូវការក្នុងស្រុកប្រមាណជា ៦ម៉ឺនតោន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា «បញ្ហាទិន្នផលអំបិលរបស់ខេត្តកំពត ក្នុងផ្ទៃដីប្រមាណជាង ៣ពាន់ហិចតា ការផលិតអំបិលមិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារតែការផលិតអំបិលស្ទើរតែទាំងស្រុងត្រូវពឹងលើអាកាសធាតុ។ ការផលិតអំបិលក្នុងឆ្នាំនេះ ក៏មានបញ្ហាប្រឈម ដោយសារតែកម្ពុជារងនូវឥទ្ធិពលព្យុះ ដូច្នេះការផលិតអំបិលកើនឡើង ឬថយចុះ គឺអាស្រ័យលើអាកាសធាតុទាំងស្រុង»។
ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអបិលនៅកម្ពុជា ដោយអំបិលចាប់ផ្ដើមផលិតនៅចុងខែធ្នូ រហូតដល់ខែឧសភា ចំណែកផ្ទៃដីសម្រាប់ផលិតអំបិលវិញ គិតនៅក្នុងខេត្តកំពត មានចំនួន ៣ ៧២៦ហិចតា៕