(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភា ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច។
សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសចិននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អ៊ី ចឹងសឹង ប្រធានសភាពប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនោះ ក៏មានការជួបសម្តែងការគួរសម ជាមួយលោក វាង តឺជាំង ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនមួយចំនួនទៀត ព្រមតាំងទស្សនាតំបន់ពាណិជ្ជកម្ម និងឧស្សហកម្មមួយចំនួន ក្នុងរដ្ឋធានីប៉េកាំង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នាពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៉ី ចឹងសឹង ប្រធានសភាពប្រឹក្សានយោបាយប្រជាជនចិន៕