(ភ្នំពេញ)៖ គ្រឿងញៀននៅតែជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីកន្លងទៅប្រទេសកម្ពុជា ធ្លាប់តែជាប្រទេសឆ្លងកាត់ក៏ដោយ តែមួយរយៈចុងក្រោយនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបទីតាំងមួយចំនួនដែលលបលួចកែច្នៃ ផលិតផងដែរ។

ជាការចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមុធរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងតាំងចិត្តខ្ពស់ ក្នុងការបោសសម្អាតគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តរបស់លោកឲ្យអស់ ដើម្បីឲ្យស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា ក្នុងមូលដ្ឋានខេត្តរបស់លោក កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត គឺតែងតែធ្វើសកម្មភាពជាប់ជាប្រចាំក្នុងការបង្ក្រាបបទល្មើសនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងខេត្តកំពត គឺជារៀងរាល់ថ្ងៃកម្លាំងការិយាល័យជំនាញរបស់យើងបានចុះធ្វើការបង្ក្រាប ក្រោមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ព្រោះប្រជាពលរដ្ឋមានក្ដីកង្វល់»។ លោកឧត្តមសេនីយ៍ស្នងការ មើលឃើញទៀតថា គ្រឿងញៀនតែមួយមុខបានបង្កនូវបញ្ហាយ៉ាងច្រើននៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។

លោកបានបន្ដទៀតថា កាលពីមុនអ្នកដែលប្រើប្រាស់គ្រឿងញៀន មានតែយុវវ័យប៉ុណ្ណោះ ប៉ុន្ដែពេលនេះសូម្បីមនុស្សវ័យកណ្ដាលក៏ធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀននេះដែរ។ បើតាមលោកស្នងការ អ្នកដែលប្រើប្រាស់គ្រឿងញៀន គឺតែងធ្វើសកម្មភាពល្មើសផ្សេងៗ ដែលកន្លងមកសមត្ថកិច្ចជំនាញបង្ក្រាបបាន ហើយពិនិត្យរកឃើញមានសារធាតុញៀននៅក្នុងខ្លួនផងដែរ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ក្រាបបានករណីជួញដូរ និងចែកចាយ ចំនួន១១៥ករណី និងការប្រើប្រាស់ ចំនួន១០ករណី។ លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់នៅខេត្តកំពត គឺមិនមានទីតាំងផលិតគ្រឿងញៀននោះទេ ហើយគ្រឿងញៀនដែលបង្ក្រាបកន្លងមកនេះ ស្ថិតក្នុងរូបភាពតូចតាចប៉ុណ្ណោះ។

ដោយឡែក សម្រាប់សភាពការណ៍ទូទៅវិញ លោកស្នងការបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំបញ្ហាដោយផ្ទាល់ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្ត ដោយមានការចូលរួមពីកងកម្លាំង អាជ្ញាធរក្រុង ស្រុក បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទទួលបាននូវលទ្ធផលល្អប្រសើរ ដោយពុំមានហេតុការណ៍ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្នុងនោះ ករណីបទល្មើសមានការថយចុះ ហើយរាល់សកម្មភាពបទល្មើសដែលកើតមានឡើង កម្លាំងអាជ្ញាធរបានធ្វើការបង្ក្រាបទាន់ពេល លទ្ធផលល្អប្រសើរទាំងនេះ បានបង្ហាញនៅក្នុងចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ជាក់ស្ដែងចលនាប្រឡងប្រណាំងភូមិឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកំពត បានជាប់ចំណាត់ថ្នាក់ ទាំង៩៣/៩៣ ឃុំ សង្កាត់ ក្នុងនោះ ចំណាត់ថ្នាក់លេខ១ មានចំនួន ៨២ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ១១ឃុំ សង្កាត់៕