(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ។

ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេស បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដោយស្មោះចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យជាច្រើន រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ វិមជ្ឈការ កំណែទម្រង់ដីធ្លី ។ល។ ព្រមទាំងការរួមចំណែកដ៏សំខាន់នាពេលថ្មីៗនេះ ក្នុងផែនការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលចំពោះវិបត្តិកូវីដ-១៩ ដែលបានជួយឱ្យកម្ពុជាយកឈ្នះលើជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញទាំងស្រុង។

ចំណែក លោកប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានកោតសរសើរយ៉ាងខ្លំាងចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈកាលជាង ២៥ឆ្នាំ កន្លងមកនេះ និងសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២។

«ក្នុងអំឡុងពេលនៃកិច្ចសន្ទនា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបទាំង ២៧ ប្រទេសអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់កម្ពុជា។ សម្ដេចតេចជោ ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក និង បានជម្រាបជូនឯកឧត្តមប្រធានាធិបតី ថា កម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។ ឯកឧត្តមប្រធានាធិបតី ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានឆ្លើយបញ្ជាក់វិញដោយក្តីរីករាយថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា និងកិច្ចខំប្រឹងប្រែងអភិរក្សប្រាង្គប្រាសាទអង្គរ»។ នេះបើតាម ការបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

សូមបញ្ជាក់ថា លោកប្រធានាធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ។

អំឡុងមានវត្តមាននៅកម្ពុជានេះ លោកបានទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប ជួបសន្ទនាជាមួយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕