(ភ្នំពេញ)៖ ថ្នាក់ដឹកនាំណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីអន្តរក្រសួងរបស់កម្ពុជា៧រូប នឹងចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នៅទីក្រុងហ្សឺណែល ប្រទេសស្វីស ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រតិភូកម្ពុជាដឹកនាំដោយ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងឱ្យលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈប្រតិភូអន្តរក្រសួងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កម្ពុជាបានដាក់របាយការណ៍ផ្តូបលើកទី៥ ទី៦ និងទី៧ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅខែតុលា ឆ្នាំ២០១៩ និងបានផ្ញើជូននូវការឆ្លើយតបទៅនឹងបញ្ជីបញ្ហា (List of Issues) នៃកតិកាសញ្ញានេះ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់តាមដាន និងការធ្វើឱ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសទាំងអស់ដែលជាសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ៕