(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀតនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញប្រកាសខេត្តកំពង់ចាមជាខេត្តអស់គ្រាប់មីន។

នៅក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយសុឆន្ទៈយ៉ាងក្លៀវក្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសជាតិ ដើម្បីឱ្យរួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការសង្គ្រោះជីវិតការកាត់បន្ថយភាពក្រីក្រ ការស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ចាប់ពីខែសីហា ឆ្នាំ២០២២ បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន ១១ចម្ការ ស្ថិតនៅក្នុងស្រុកចំនួន៤ រួមមាន៖

*ស្រុកបាធាយ ២ចម្ការ
*ស្រុកចំការលើ ២ចម្ការ
*ស្រុកស្ទឹងត្រង់ ២ចម្ការ
*ស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបចំនួន ១.០០៣.១៣៦ម៉ែត្រក្រឡា និងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានថ្លែងថា សម្រាប់ខេត្តកំពង់ចាម អង្គភាពស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

លោក ហេង រតនា បញ្ជាក់ថា ជាលទ្ធផលអង្គភាពបានបោសសម្អាតគ្រាប់មីនទាំងនៅក្នុងតំបន់រងផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា។ គ្រប់រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៣២គ្រាប់។ ជាលទ្ធផល នៃប្រតិបត្តិការនេះជាសមិទ្ធផលចុងក្រោយ នៅកិច្ចប្រតិបត្តិការដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងខេត្តកំពង់ចាមទាំងស្រុង។

លោក ហ៊ុន ម៉ានិត បានយកឱកាសនេះកោតសរសើរក្រុមការងារប្រតិបត្តិ និងថ្លែងអំណរគុណប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងវិស័យដោះមីននេះនារយៈពេលកន្លងមក។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា «ប្រសិនបើគ្មានការចូលរួមពីបណ្តាប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនទាំងអស់នោះទេ ល្បឿននៃការដោះមីនរបស់យើងក៏មិនអាចធ្វើទៅបានដូចពេលនេះដែរ ដោយហេតុថាត្រូវការកម្លាំងផង ត្រូវការថវិកាផង ដើម្បីធ្វើការ។ ការដោះមីននេះ មិនត្រឹមតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជំរុញឲ្យមានការអភិវឌ្ឍ នៅក្នុងតំបន់នីមួយៗផងដែរ ពោលគឺ ពេលដែលដោះមីនអស់ហើយ យើងនិងជំរុញ ទៅឲ្យក្រសួងកសិកម្ម ឬប្រជាពលរដ្ឋ យកទៅធ្វើការអភិវឌ្ឍ ក៏ដូចជាការជំរុញការដាំដុះ ក្នុងគោលបំណងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»

ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម គឺជាខេត្តទី៧ ត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។

ទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការបោសសម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន ០៥ រួមមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពតដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ដំណាក់កាលទី១។ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោនៅខេត្តកំពង់ចាម និងឈានដល់ប្រកាសជាខេត្តអស់មីន នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន។ ដោយឡែក ខេត្តចំនួន ០៤ ទៀត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ខាងមុខនេះ។

លោកបន្តទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាម សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៤០៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤ គ្រាប់ ដោយប្រតិបត្តិករជាតិចំនួន ២ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ទោះបីខេត្តកំពង់ចាម ត្រូវបានប្រកាសអស់មីនដែលយើងបានដឹង នាថ្ងៃនេះ ខេត្តកំពង់ចាម នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៩០ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។

លោកបន្តទៀតថា កម្ពុជា មុននឹងឈានដល់ថ្ងៃនេះ និងសម្រេចបាននូវសមិទ្ធផលលើការងារបោសសម្អាតមីនយ៉ាងធំធេង យើងទាំងអស់គ្នាត្រូវចងចាំ និងក្រឡេកទៅមើលប្រវត្តិសាស្រ្តដ៏សែនជូរចត់ ជាង ៤៤ ឆ្នាំមុន ដែលប្រទេសកម្ពុជា បានជួបនូវវិបត្តិសោកសៅ និងធ្លាក់ចុះដល់ចំណុចសូន្យ ដែលបង្កមកពីការបែកបាក់សាមគ្គី និងសង្រ្គាមផ្ទៃក្នុង។ បន្ទុកដ៏ធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តនេះ បានធ្លាក់មកលើ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកដោះស្រាយ។

៧ មករា ឆ្នាំ១៩៧៩ គឺជាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ព្រមទាំងបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបង្កើតឲ្យមាននយោបាយឈ្នះ ឈ្នះ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនយើងទាំងអស់មានលទ្ធភាពចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ ទន្ទឹមនឹងនេះ ការងារបោសសម្អាតមីន ក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ផងដែរ៕