(ភ្នំពេញ)៖ ផលិតកម្មថ្មីដែលទើបដុះពន្លក ក្នុងវិស័យសិល្បៈផ្នែកថតខ្សែភាពយន្ត មានឈ្មោះថា «Eye Love Film» បានចាប់ផ្ដើម ក្រុងពាលីថតរឿងទី៣របស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារភាពយន្ត និងក្នុងគោលបំណងលើកស្ទួយ វិស័យភាពយន្តខ្មែរដែលមាន ចំណងជើងថា «លត់ដែកថែប» ដោយក្នុងពិធីមានការអញ្ជើញចូលរួម យ៉ាងច្រើនពីសំណាក់តារាសម្ដែងល្បីៗ និងក្រុមការងារក្នុងផលិត កម្មទាំងមូល។
ពិធីក្រុងពាលីនាពឹ្រកថ្ងៃ ព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋាន បុរីវិមានភ្នំពេញ តាមបណ្តោយផ្ទូវ លោក ជា សុផារ៉ា ដើម្បីដំណើរការថតរឿងខ្នាតធំ ដាក់បញ្ចាំង តាមរោងភាពយន្តនានា ខណៈដែលផលិតកម្ម ក៏ទើបតែបង្កើតឡើងបាន មួយរយៈពេលខ្លី ដូចគ្នាដែរ។
តំណាងឲ្យចាងហ្វាងផលិតកម្ម «Eye Love Film» និងជាអ្នកដឹកនាំសម្តែង នៅក្នុងខ្សែភាពយន្តរឿង «លត់ដែកថែប» លោក សុខ ដែន បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មាន ឲ្យដឹងថា នេះជាវណ្ណកម្មទី៣ របស់ផលិតកម្ម «Eye Love Film» ដែលបានផលិតរឿងឡើងបន្ទាប់ពី ដំណើរការថតខ្សែភាពយន្តចំនួន២រឿង ដំបូងគឺរឿងទី១ «កូនចុងចម្លែក» និងទី២រឿង «អត់ខ្វល់សំខាន់អូនស្អាត» ដែលគ្រោងធ្វើពិធី សម្ផោធ ឲ្យចាក់បញ្ចាំង នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក សុខ ដែន ដែលមានតួនាទីដឹកនាំសម្តែងផង និងសម្តែងជាតួឯក នៅក្នុងខ្សែភាពយន្តនេះផងនោះ បាននិយាយទៀតថា សម្រាប់ ខ្សែភាពយន្តរឿង «លត់ដែកថែប» នេះ ក្រោយពីធ្វើពិធីក្រុងពាលី ចប់រួចរាល់ហើយនោះ គឺចាប់ផ្តើមដំណើរការថត ក្នុងថ្ងៃនេះតែម្តង ហើយចំពោះពេលវេលាថតនោះ អាចចំណាយរយៈពេល១ខែ ទើបចប់។ ក្រោយពីបញ្ចប់ការថត ខ្សែភាពយន្តខាងលើនឹងមានការចាក់ បញ្ចាំងនៅតាមរោងកុនទំនើបៗ នៅក្នុងរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ ឲ្យដឹងបន្ថែមពីអ្នកដឹកនាំ វ័យក្មេងរូបនេះ ចំពោះទុនដែលត្រូវចំណាយ លើការថតខ្សែភាពយន្តខ្នាតធំជាប្រភេទរឿង បែបវាយប្រកា កាប់ចាក់វាយទាត់ធាក់នេះ គឺមានត្រឹមតែប្រមាណជា ៣ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំណែកឈុតឆាកផ្សេងៗទៀត ដូចជា ស្នេហា កំប្លែង កំសត់ គឺមានតិចតួច។
ជាមួយគ្នានេះ លោក សុខ ដែន ក៏បានដាក់ក្តីរំពឹងថា ខ្សែភាពយន្តរឿង «លត់ដែកថែម» នេះ ក្រោយពេលថតចប់ហើយ ត្រូវបានចាក់បញ្ចាំង នៅតាមបណ្តារោងកុនមួយចំនួន នៅក្នុងរាជធានីភ្នំពេញនោះ គឺនឹងមានការគាំទ្រ ពីសំណាក់ទស្សនិកជន អ្នកទស្សនាច្រើន ព្រោះរឿងនេះ ប្រជុំសុទ្ធសឹង តារាសម្តែងជើងចាស់ល្បីៗ ជំនាន់ដើម នឹងក៏មានការចូលរួមសម្តែង ពីសំណាក់តារាកំប្លែងវ័យក្មេង២រូប ប្រចាំស្ថានីយទូរទ្សន៍CTN គឺនាយ ចឺម និងកញ្ញា វ៉ាន់ នីឡា ផងដែរ៕