(ភ្នំពេញ)៖ លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានសម្រាប់ការងារនៅក្នុងឆ្នាំ២០២២។
ថ្លែងនៅក្នុងពិធីបិទសន្និបាតនេះដែលបានធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា តាមរយៈសមិទ្ធផលជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្រសួង ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះដែរថា សម្រាប់លទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ រួមមាន៖
១៖ ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស
* បានបញ្ចប់គម្រោងសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវជាតិលេខ២១(តាខ្មៅ-ជ្រៃធំ), កំណាត់ផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត), កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ), ផ្លូវជាតិលេខ៥១, កំណាត់ផ្លូវជាតិលេខ៧ (ខ្លាស្ទុះ-រមាត), ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ នៅក្នុងខេត្តព្រះសីហនុ និងស្ពានចំនួន ០៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ
* បានបើកការដ្ឋានគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨, ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, កំណាត់ផ្លូវជាតិលេខ៧(ស្គន់-ក្រុងកំពង់ចាម) និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់
* បាននិងកំពុងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់(សិត្បូ), ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២, ផ្លូវជាតិលេខ៤(ភ្នំពេញ-ព្រះសីហនុ), កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង(ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង), កំណាត់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ), ផ្លូវជាតិលេខ៧១C (ត្បូងឃ្មុំ-កំពង់ចាម), ផ្លូវជាតិលេខ១០(សំឡូត-វាលវែង-កោះកុង) និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
* បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋនិងឯកជន(PPP) នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
* បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្លូវល្បឿនលឿន និងចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ
* បានបញ្ចប់ការដំឡើងគ្រឿងចក្រផលិតបេតុងកៅស៊ូ(AC Mixing Plant) និងកៅស៊ូត្រជាក់ (Cold Mixing Asphalt Plant) នៅខេត្តកំពត ដើម្បីបម្រើឱ្យការងារសាងសង់ ជួសជុល និងថែទាំផ្លូវ។
២៖ ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
* នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧ ១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេស (លេខរាជធានី-ខេត្ត) បាន ៣១ ៧៥៦ផ្លាក និងបានចំណូលជាង ៤០ប៊ីលានរៀល។
* បានទទួលដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី តាមរយៈអនុក្រឹត្យ ២១៤ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ គិតមកទល់បច្ចុប្បន្នក្រសួងបានចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាចំនួន ៧៣១គ្រឿង និងបានរៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៧ទីតាំង (៤ នៅទីស្តីការក្រសួង, ១ នៅខេត្តសៀមរាប, ១ នៅខេត្តបាត់ដំបង និង ១ នៅខេត្តព្រះសីហនុ)
* បានពិភាក្សា និងជំរុញវិស័យឯកជនក្នុងការរៀបចំទីតាំង និងដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមបណ្ដារាជធានី-ខេត្ត
* បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ។ ក្នុងរយៈពេល ០៥ខែចុងក្រោយនេះ ការផាកពិន័យដកពិន្ទុបណ្ណបើកបរមានចំនួន ៣៦.៣០០ករណី
* បានផលិតស្ពតអប់រំស្ដីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រួមទាំងស្ពតវីដេអូអប់រំ និងវីដេអូចម្រៀងស្តីពីសុវត្ថិភាពចរាចរណ៍។
៣៖ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
* កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ ១៖ បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នបាននិងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និង ២៖ បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះជំហានទី២ ប្រវែង ៤១០ម ជម្រៅទឹក ១៦,៥ម (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៤០ម ជម្រៅទឹក ១៧,៥ម (២០២៦-២០២៩)
* កំពង់ផែស្វយ័តភ្នំពេញ៖ ១៖ បានបញ្ចប់ការងារសាងសង់ទីលានស្តុកកុងតឺន័រជំហានទី៣ ដំណាក់កាលទី២ (ប្លង់B) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួននៅចំណតផែកុងតឺន័រLM១៧, និង ២)បានបញ្ចប់ការងារសាងសង់ស្ពានផែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅចំណតផែពហុបំណងទន្លេបិទ(UM២)
* បានបញ្ចប់ការសិក្សាបុរេសមិទ្ធិលទ្ធភាព និងការសិក្សាសមិទ្ធិលទ្ធភាពលម្អិតនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុ័ភារកម្មទន្លេបាសាក់ ដោយសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងក្រុមហ៊ុនCCCC Water Transport Consultants Co., Ltd
* បានដាក់ឱ្យដំណើរប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែ(Port EDI) ជួយសម្រួលដល់ការចេញ-ចូលនាវា បង្កើនល្បឿននីតិវិធី កាត់បន្ថយឯកសារ និងចំណាយដឹកជញ្ជូន។ តាមរយៈស្ថិតិនៅក្នុងឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធនេះបានជួយជំរុញការចុះបញ្ជីធ្វើប្រតិបត្តិការរបស់នាវា ដែលមានការកើនឡើងរហូតដល់ចំនួន ៣.៩៤៦គ្រឿង
* បានបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍កែប-កោះទន្សាយ ខេត្តកែប
* បានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដោយបច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនឯកជនឱ្យដាក់ឱ្យដំណើរការ គ្រប់គ្រង និងថែទាំកំពង់ផែ ឱ្យក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិ
* បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ រួមនឹងសេចក្តីព្រាងឯកសារគតិយុត្តសំខាន់ៗផ្សេងទៀត ហើយគ្រោងដាក់ស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល នាពេលខាងមុខនេះ។
៤៖ ការងារផ្លូវដែក
* បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវដែកភាគខាងជើង(ភ្នំពេញ- ប៉ោយប៉ែត) ឱ្យទៅជាផ្លូវដែកល្បឿនលឿន
* បាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ក្រុងព្រះសីហនុ) ឱ្យទៅជាផ្លូវដែកល្បឿនលឿន
* បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវដែក (ភ្នំពេញ-ហូជីមិញ)
* បានបញ្ចប់ការសិក្សាគម្រោងសាងសង់រថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ។
៥៖ ការងារភ័ស្តុភារកម្ម
* បានដាក់បង្ហាញគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាលក្ខណៈប្លង់ 3D អមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅកម្ពុជា
* បានសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន YCH Group និងក្រុមហ៊ុន World Bridge Group ដើម្បីឈានទៅរកការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC)
* បានបញ្ចប់ការកែលម្អច្រកទ្វារព្រំដែន(ព្រៃវល្លិ៍-ប៊ិញហៀប) និងរៀបចំរចនាសម្ព័ន្ធសម្រាប់បើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន)
* បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងសេវាកម្មហិរញ្ញវត្ថុ FASA (Financial Advisory Services Agreement) ជាមួយ IFC ដើម្បីបើកឱកាសឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC)
* បាននិងកំពុងបន្តសហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា។
៦៖ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់
* បាននិងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ និងគ្រោងដាក់ជូនគណៈរដ្ឋមន្ដ្រីពិនិត្យនាពេលឆាប់ៗខាងមុខ
* បានសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយក្រុមអ្នកជំនាញការចិន និងបានទទួលការឯកភាពលើខ្លឹមសារ នៃសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ
* បានបញ្ចប់ការសិក្សាផែនការកែលម្អបណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន ១២ខេត្ត (ស្វាយរៀង ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកំពង់ស្ពឺ) ក្រោមក្របខណ្ឌថវិកាជាតិ
* បាននិងកំពុងសិក្សាប្រព័ន្ធទឹកកខ្វក់នៅក្រុងស្វាយរៀង ក្រុងសៀមរាប និងនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមគម្រោងប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន (JICA)
* បាននិងកំពុងសិក្សាពីបច្ចេកទេសនៃការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្តោយ ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
* បាននិងកំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិតលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ និងកំពុងអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហាន២ ប្រវែង ៤គ.ម ក្រោមគម្រោងប្រើប្រាស់ថវិការបស់សាធារណរដ្ឋកូរ៉េ (EDCF)
* បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប និងបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ទីលានទុកដាក់សំរាម ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោមគម្រោងប្រើប្រាស់ថវិការបស់ធនាគារពិភពលោក (WB)
* បាននិងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀង និងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង នៅតាមទីរួមខេត្ត-ក្រុង និងទីប្រជុំជនសំខាន់ៗ ក្រោមគម្រោងប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
៧៖ ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល
* បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមទាំងវិមជ្ឈការ និងវិសហមជ្ឈការ
* បានសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍តេជោសែនសាធារណការកម្ពុជា-កូរ៉េ ស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
* បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស TSI-FORD និងបានបណ្តុះបណ្តាលសិក្ខាការីជំនាន់ទី១ ចំនួន ១២៥នាក់
* បានបណ្តុះបណ្តាលលើមុខវិជ្ជា Six Sigma និងភាពជាអ្នកដឹកនាំដល់មន្រ្តីរាជការក្រសួង
* បាននិងកំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ និងជំនាន់ទី២ ចំនួន១៩៣នាក់ និងកំពុងជ្រើសរើសនិស្សិតជំនាន់ទី៣ ចំនួន ២០០នាក់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣៕