(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឫស្សីកែវ និងអាជ្ញាធរសង្កាត់ទួលសង្កែ ព្រមទាំងមូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា បានរួមសហការគ្នា យកអំណោយមានគ្រឿងឧបភោគបរិភោគម និងថវិកាមួយចំនួនទៅចែកជូនដល់ពលករដែលទើបតែមកពីធ្វើការ នៅប្រទេសថៃ ប្រមាណ២១គ្រួសារ ដែលកំពុងជួបជីវភាពខ្វះខាតប្រចាំថ្ងៃ។
ការផ្ដល់អំណោយចែកជូនដល់ពលករទាំង២១គ្រួសារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងវត្តញាណរង្សី ស្ថិតក្នុងភូមិទួលគោ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្នុងឱកាសនោះដែរ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ បានមានសង្ឃដីការពន្យល់ថា សម្រាប់ពលករដែលទៅធ្វើ ការនៅប្រទេសផ្សេងៗខុសច្បាប់ តែងទទួលរងគ្រោះថ្នាក់ ដោយសារអាជ្ញាធរ ជាពិសេសថៅកែៗធ្វើបាបតែម្ដង ដែលធ្វើឲ្យអាជ្ញាធរកម្ពុជាមានផលលំបាកក្នុងការជួយសង្គ្រោះ។ ដូច្នេះដើម្បីមានភាពងាយស្រួល សូមបងប្អូនពលករទាំង អស់ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ត្រូវធ្វើលិខិតឆ្លងដែនឲ្យបានត្រឹមត្រូវគ្រប់គ្នា ដោយរស់នៅធ្វើការស្របច្បាប់ និងមិនត្រូវជឿតាមការឃោសនាចាញ់បោកមេខ្យល់អស់លុយកាក់ឡើយ។
ព្រះតេជគុណបាន មានសង្ឃដីកាពន្យល់ទៀតថា «នៅប្រទេសកម្ពុជាយើង សព្វថ្ងៃមានការងារច្រើនណាស់ ដែលយើងទាំងអស់គ្នា គួរងាកមកចាប់អារម្មណ៍តាមរយះ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ដើម្បីរកការងារធ្វើដោយ មិនចាំបាច់ចំណាក់ស្រុកឃ្លាតឆ្ងាយពីក្រុមគ្រួសារនោះឡើយ»។
ជាមួយគ្នានោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានផ្តាំផ្ញើដល់ពលករទាំងអស់ថា ត្រូវព្យាយាមកុំអស់សង្ឃឹមក្នុងជីវិត និងប្រឹងប្រែងថែទាំសុខភាពឲ្យបានល្អ ហើយអ្វីដែលសំខាន់នោះ រាល់បញ្ហាទុក្ខលំបាកដែលកើតមាន ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីឲ្យអាជ្ញាធររកតំណោះស្រាយជូន។ លោក ជា ពិសី បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតាមដានរាល់ ស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋខ្លួន ដោយព្យាយាមធ្វើយ៉ាងណា មិនឲ្យមានពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ។
លោកក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ច កាលលោកទាំង២ តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ អ្វីឡើយ និងបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជួយបងប្អូនតាំងពីស្រុកគេរហូតដល់ផ្ទះ ហើយជួយឧបត្ថម្ភគាំទ្រស្បៀងអាហារមិនឱ្យខ្វះខាតទៀតផង។
អំណោយដែលត្រូវបានចែកជូនដល់ពលកររួមមាន៖ អង្ករ២៥គឺឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១២០,០០០៛ សរុបចំនួន៣,៣៩៧,៥០០៛ ក្នុងនោះលោកស្រី អាន ផល្លា ប្រធានអនុសាសមាគមន៍នារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានចូល រួមឧបត្ថម្ភថវិការដល់ពលករក្នុងម្នាក់២ម៉ឺនរៀលផងដែរ៕