(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ គឺជាថ្ងៃឡើងកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតី ហ្វីលីពីន ជំនាន់ទី១៦ លោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) នៅឯវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រ ១៦,៦០១,៩៩៧នាក់ លើគូប្រកួតប្រជែងម្នាក់ទៀតគឺ Manel Roxas ដែលបានទទួលតែ ៧ លានសំឡេងប៉ុណ្ណោះ។
ខាងក្រោមនេះជាជីវៈប្រវត្តិរូបសង្ខេបរបស់លោក ឌូធើត មុននឹងបានក្លាយជាមេដឹកនាំកំពូលហ្វីលីពីនដូចពេលនេះ៖
លោក ឌូធើត កើតថ្ងៃទី២៨ ខែមីនា ឆ្នាំ ១៩៤៥ នៅខេត្ត Southern Leyte ភាគកណ្តាលប្រទេសហ្វីលីពីន។ លោក ជាកូនរបស់លោក Vicente Duterte និង លោកស្រី Soledada Roa។ ឪពុករបស់លោក ឌូធើត ធ្លាប់ធ្វើជាមេធាវី និង គ្រូបង្រៀន នៅ Cebu ហើយបន្ទាប់ មក លោកក៏ឈរឈ្មោះជាអភិបាលក្រុង Danao នៃខេត្ត Cebu ហើយក្រោយមកក៏ត្រូវតម្លើងទៅជាខេត្ត Davao វិញ ហើយលោក ក៏បាន ឡើងជាអភិបាលខេត្តថ្មីនេះ។
លោក ឌូធើត បានបញ្ចប់ការសិក្សានៅទីក្រុង Davao នៅឆ្នាំ ១៩៥៦ ហើយក្រោយមកទៀត លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Lyceum នៃទីក្រុងម៉ានីល នាឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧២ លោក ឌូធើត បានទទួលសញ្ញា បត្រច្បាប់ពីមហាវិទ្យាល័យ San Beda និង បានប្រឡងជាប់នៅមណ្ឌលនេះក្នុងឆ្នាំដដែល។
ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩ លោក ឌូធើត បានក្លាយជាមេធាវីម្នាក់ នៅឯការិយាល័យរដ្ឋអាជ្ញា នៅទីក្រុង Davao។ ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៦ លោក ឌូធើត បានព្យាយាមពុះពាររហូតបានឡើងពីជំនួយការរដ្ឋអាជ្ញាថ្នាក់ទី៤ មកកាន់តំណែងជាជំនួយរដ្ឋអាជ្ញាក្រុង Davao ថ្នាក់ទីពីរ។ នៅឆ្នាំ១៩៨៦ លោកត្រូវបានតែងតាំងជាអភិបាលរងក្រុង Davao និង នៅឆ្នាំ១៩៨៨ ក៏បានក្លាយជាអភិបាលតែម្តង លោក បន្តជាប់ឆ្នោតជាអភិបាលក្រុង Davao រហូតដល់ឆ្នាំ១៩៩២ និង១៩៩៥។
នៅឆ្នាំ១៩៩៨ ដោយសារតែលោកគ្រប់អាណត្តិ មិនអាចឈរឈ្មោះជាអភិបាលក្រុងទៀត លោក Dutert ក៏បានសម្រេចឈរឈ្មោះជាតំ ណាងរាស្ត្រ ហើយក៏បានក្លាយជាសមាជិកសភា តំណាងឲ្យទៅក្រុង Davao។ នៅឆ្នាំ២០០១ លោក បានសម្រេចចិត្តឈរឈ្មោះម្តងទៀត ធ្វើជាអភិបាលក្រុង Davao ជាលើកទី៤ ហើយក៏បានជាប់ដូចបំណង តំណែងរបស់លោកត្រូវបានបន្តនៅពីរអាណត្តិទៀតគឺឆ្នាំ២០០៤ និង ២០០៧។
នៅឆ្នាំ២០០៧ លោក ឌូធើត ត្រូវបានជ្រើសតាំងជាអភិបាលក្រុង Davao ខណៈកូនស្រីរបស់លោក គឺនាង Sara Duterte-Carpio ត្រូវ បានជ្រើសតាំងជាអភិបាលរងក្រុង។ ចាប់តាំងពីឆ្នាំ២០១០ លោក ឌូធើត ហាក់ពេញចិត្តនឹងបន្តធ្វើជាអភិបាលក្រុង Davao ដដែល។ នៅ ក្នុងតំបន់ដែលលោកគ្រប់គ្រង លោកបានរឹតបន្តឹងយ៉ាងខ្លាំងនូវសន្តិសុខសង្គម ជាពិសេសការបង្ក្រាបអំពើឧក្រិដកម្ម ដូចជាការចាប់រំលោភ លួចឆក់ប្លន់ និង អំពើពុករលួយជាដើម។
នៅឆ្នាំ២០១៥ របាយការណ៍ស្ថានភាពឧក្រិដ្ឋកម្មថ្នាក់ជាតិ បានចេញមកបង្ហាញថាទីក្រុង Davao គឺស្ថិតនៅក្នុងចំណោមទីក្រុងទាំង១៥ នៅប្រទេសហ្វីលីពីន អំឡុងឆ្នាំ២០១០ ដល់ ២០១៥ ដែលមានករណីសម្លាប់រង្គាលខ្លាំងជាងគេ, ជាប់លេខ២ សម្រាប់ករណីចាប់រំលោភ និងជាប់លេខ៣ សម្រាប់អំពើចាប់ជម្រិត ដែលបញ្ហាទាំងអស់ នេះបានកក្រើកឡើងភ្លាមៗក្រោយពីរូបលោកអស់តំណែងជាអភិបាលក្រុង នេះទៀត។
នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៥ លោកបានចាប់ផ្តើមដាក់ពាក្យឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី ក្នុងនាមជាមេដឹកនាំបក្ស PDP-Laban របស់លោកផ្ទាល់។ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែមេសា ក្រុមស្ទាបស្ទង់មតិមួយ បានចេញរបាយ ការណ៍បឋមរបស់ខ្លួនថា ប្រជាជនហ្វីលីពីន ៣៣ភាគរយ នឹងបោះឆ្នោតឲ្យលោក Duterte ឡើងធ្វើជាប្រធានាធិបតី ទើបនៅថ្ងៃទី០៩ ខែ ឧសភា លោកក៏បានទទួលតំណែងនេះប្រាកដមែន៕