(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងក្រុងកំពត ចូលរួមកែលម្អសោភ័ណភាពក្រុង រួមទាំងចិញ្ចើមផ្លូវនៅមុខស្ថាប័ន អង្គភាពរបស់ខ្លួន ដោយក្រាលថ្មម៉ាប ជំនួសការ៉ូឡា។
ការស្នើបែបនេះ ខណៈលោក ម៉ៅ ធនិន ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានធ្វើឡើង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ក្រោមអធិបតីភាព លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត។
លោកអភិបាលខេត្ត ក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា ដើម្បីកែលម្អសោភ័ណភាពក្នុងក្រុង លើកស្ទួយវិស័យទេសចរណ៍ ជំរុញជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងក្រុងកំពត ឲ្យកាន់តែប្រសើរ រដ្ឋបាលខេត្តបានកែលម្អ និងបានផ្លាស់ប្តូរទីធ្លាសួនច្បារសាធារណៈ និងចិញ្ចើមផ្លូវសំខាន់ៗរបស់ខេត្ត ពីការក្រាលការ៉ូឡា មកជាម៉ាបវិញ និងក៏បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជនក្នុងក្រុងកំពតទាំងអស់ ចូលរួមផ្លាស់ប្តូរ នៅតាមអង្គភាពរៀងៗខ្លួន។
លោកអភិបាលខេត្ត បានបន្តទៀតថា នៅឆ្នាំ២០២៣ ខេត្តកំពតទទួលបានពានរង្វាន់ជ័យលាភីចំនួន២ ពីសមាគមន៍ប្រទេសអាស៊ាន ព្រមទាំងត្រៀមខ្លួនទទួលពានរង្វាន់ទីក្រុងស្អាតផ្ការំដួល បីទង ពីរាជរដ្ឋាភិបាល នាពេលខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣នេះ ដើម្បីពិនិត្យ និងអនុម័ត រួមមាន៖
*១៖ របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត។
*២៖ កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត។
*៣៖ របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។
*៤៖ តារាងបែកចែកភារកិច្ច ជូនសមាជិកក្រុមប្រឹក្សាខេត្ត ចុះមូលដ្ឋាន ជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ តាមបណ្តាក្រុង ស្រុក និងតារាងបែងចែក សមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ក្រោមវត្តមាន អភិបាលខេត្ត៕