(ក្រចេះ)៖ កម្លាំងរដ្ឋបាលព្រៃឈើក្រចេះ បានបើកប្រតិបត្តិការឃាត់រថយន្ដសាំងយ៉ុង ដឹកឈើចំនួន១២គ្រឿង ដែលបើកបរក្នុងល្បឿងយ៉ាងលឿន ដើម្បីយកមកអប់រំ និងផាកពិន័យ។
លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងរបស់លោក សហការជាមួយនគរបាលចរាចរណ៍ និងអាវុធហត្ថក្រុងក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាបរថយន្ដដឹកឈើក្រហមបាន១២គ្រឿង ដើម្បីធ្វើការអប់រំឲ្យអ្នកបើកបរទាំងនោះ ឈប់បន្ដការដឹកឈើខុសច្បាប់ទាំងនេះ និងយកទៅធ្វើការផាកពិន័យតាមច្បាប់ របស់រដ្ឋបាលព្រៃឈើ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ចរាចរណ៍ បានបន្ថែមថា រថយន្ដដឹកឈើទាំងនេះ លោកបានណែនាំ ពួកគេកុំឲ្យដឹកឈើវែងៗ និងបើកបរលើសល្បឿនកំណត់ ជៀសវាងបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ ដែលបានធ្វើដំណើរតាមដងផ្លូវរួមគ្នា។ លោកឧត្តមសេនីយ៍ បន្ដថា ឈើដែលដកហូតបាន លោកបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ជាអ្នកចាត់ការ៕