(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល និងចូលកាន់តំណែងនាយកមន្ទីរពេទ្យ ហ្លួង ម៉ែ។

លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត តែងតាំងលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សា និងសមាជិកទាំងអស់ លោកវេជ្ជបណ្ឌិតឯកទេស ស៊ូ ស៊ីផាណ្ណា ជានាយកមន្ទីរពេទ្យ ហ្លួង ម៉ែ និងគណៈគ្រប់គ្រងទាំងអស់នាពេលនេះ។

បន្ទាប់ពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់លោកវេជ្ជបណ្ឌិតឯកទេស ស៊ូ ស៊ីផាណ្ណា រួចមកលោករដ្ឋមន្ត្រីបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលោកនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់នាពេលកន្លងមក លើសកម្មភាព និងវឌ្ឍនភាពនៃការរៀបចំមន្ទីរពេទ្យ ហ្លួង ម៉ែ ឱ្យក្លាយទៅជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក ដោយគូសរំលេចអំពីការយកចិត្តទុកដាក់ក្នុងការជំរុញពន្លឿនការអនុវត្តន៍ការងារ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បន្ថែមពីនេះ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង ក្នុងការងាររៀបចំមន្ទីរពេទ្យ ហ្លួង ម៉ែ ឱ្យប្រែក្លាយទៅជាមន្ទីរឯកទេសព្យាបាលជំងឺមហារីកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា»

លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ប្រមាណ ៧% ក្នុងចន្លោះឆ្នាំ២០១០-២០១៩។

ទោះបីជាវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ការដាក់ចេញ និងអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាព គួបផ្សំនឹងការអនុវត្តដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំង-១៩ ទូទាំងប្រទេស ដែលធ្វើឱ្យកម្ពុជាសម្រេចបានភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជាបើកសកម្មភាពសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យមុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។

ទន្ទឹមនេះដែរការដាក់ចេញ និងការអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងអត្រាប្រមាណ ៣% នៅឆ្នាំ២០២១ និងរំពឹងថាសម្រេចបានក្នុងអត្រាកំណើនប្រមាណជាង៥% ក្នុងឆ្នាំ២០២២ និងប្រមាណ ៦% ក្នុងឆ្នាំ២០២៣នេះ។

ការអនុញ្ញាតឱ្យបើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងផងដែរពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ដែលលះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងការប្រតិបត្តិជាកងទ័ពអាវស ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានបំផ្លិចបំផ្លាញធនធានមនុស្ស និងធនធានសេដ្ឋកិច្ចលើសកលលោក។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលក៏បានរម្លឹកពីសាវតាខ្លះៗនៃការកកើតមន្ទីរពេទ្យ ហ្លួងម៉ែ និងបានផ្តល់នូវទស្សនាទាន និងសកម្មភាពគាំទ្រមួយចំនួនដល់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង មន្ទីរពេទ្យ ហ្លួង ម៉ែ និងអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តការងារបន្តរួមមាន៖

១៖ បន្តនិងពន្លឿនការអនុវត្តនូវសកម្មភាពរៀបចំមន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដើម្បីត្រៀមនឹងទទួលអ្នកជំងឺមកពិគ្រោះ និងសម្រាកព្យាបាល។
២៖អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការឱ្យបានខ្ពស់ ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ ហ្លួង ម៉ែ ដើម្បីពន្លឿនដំណើរការមន្ទីរពេទ្យ។

៣៖ ពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពមន្ទីរពេទ្យឱ្យមានសមត្ថភាពខ្ពស់ ក្នុងការអនុវត្តការ ងារស្នូលរបស់ខ្លួន លើកកម្ពស់ការអប់រំសតិឤរម្មណ៍មន្ត្រី បុគ្គលិកសុខាភិបាល ការប្រតិបត្តិល្អតាមក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថសមរម្យជាមួយប្រជាជន។

៤៖ រក្សាគុណតម្លៃសមធម៌ នៃការផ្តល់សេវាសុខាភិបាល ដោយឈរលើគោលការណ៍ចម្បង២យ៉ាងគឺ ទី១៖ត្រូវមានសេវាថែទាំសុខភាព ហើយសេវាទាំងនោះឤចប្រើប្រាស់បាននៅពេលដែលត្រូវការ ទី២៖ ត្រូវធានាថាគ្មានប្រជាជនណាម្នាក់ត្រូវបានបោះបង់ចោល និងមិនបានទទួលសេវាថែទាំសុខភាពនៅពេលមានជំងឺដង្កាត់ និងនៅពេលមកដល់មន្ទីរពេទ្យ ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះទេ។

៥៖ កៀរគរថវិកាពីសប្បុរសជននានា ដើម្បីអភិវឌ្ឍសមត្ថភាព និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់មន្ទីរពេទ្យ៕