(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ស៊ឹម សុផល នៅគេហដ្ឋានរបស់លោកនៅបុរីអូគីដេ ២០០៤។
ក្នុងឱកាសដ៏សែនសោកសង្រេងនោះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមលោកផ្ទាល់ និងភរិយា បានសម្ដែងនូវទឹកចិត្តពោរពេញដោយសេចក្ដីទុក្ខក្រៀមក្រំ ក្ដុកក្ដួល សោកសៅ និងស្តាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតចំពោះមរណភាព នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានមរណភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២:៤៥នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនសោកសង្រេងនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចាត់ទុក្ខនូវមរណភាពរបស់ នាយឧត្ដមសេនីយ៍ ស៊ឹម សុផល គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តសណ្ដោស មេត្តា ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលក្នុងមួយជីវិត លោក បានខិតខំតស៊ូគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកកសាងសន្តិភាព ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍ ប្រទេសនិងបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្ស ដ៏មានគុណតម្លៃសម្រាប់សង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសមហាកុសល ដល់ដួងវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ស៊ឹម សុផល បានទៅកាន់ឋានបរមសុខនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕