(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោក ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់។
ក្នុងសារលិខិតផ្ញើជូនលោកស្រី ឡុង ម៉ារី ភរិយាសពលោក ខូយ សុខា, សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់លោក ខូយ សុខា ព្រោះជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ។ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។
សូមបញ្ជាក់ថា លោក ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានទទួលមរណភាពកាលពីវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ៕