(ភ្នំពេញ)៖ និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៣៥រូប ទទួលបានការលើកទឹកចិត្តដោយការរៀបចំពិធីជប់លៀងស្រស់ស្រូបអាហារសាមគ្គីរួមគ្នា មុននឹងពួកគេចាកចេញទៅសិក្សានៅប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។
ពិធីជួបជុំស្រស់ស្រូបអាហារនេះ ត្រូវបាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន វ័នម៉រ បឹងកក់។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោល ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំប្រទេសចិន តំណាងលោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត និងលោក LIU REN ប្រធានសមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា។
លោក ឡាវ វ៉ាន់ បានលើកឡើងថា ប្អូនៗនិស្សិតទាំង ៣៥រូប ពិតជាមានភ័ព្វសំណាងណាស់ ដោយទទួលបានអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ទៅសិក្សានៅចិន ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោលបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត។
លោក ឡាវ វ៉ាន់ បានចូលរួមអបអរសាទរដល់ប្អូនៗទាំងអស់ ដែលបានទៅសិក្សាផ្ទាល់នៅប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ។
លោក ឡាវ វ៉ាន់ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ដល់ប្អូនៗនិស្សិត និងបានលើកទឹកចិត្ត រួមជាមួយការណែនាំឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាបញ្ញវន្ត និងជាគំរូដល់និស្សិតជំនាន់ក្រោយ ជាពិសេសរៀនបានចប់ចុងចប់ដើម ប្រកបដោយគុណភាព ដែលជាគោលបំណងរបស់លោកបណ្ឌិតប្រធាន ហើយជាគុណប្រយោជន៍សម្រាប់និស្សិត និងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
លោកប្រធានគណៈអធិបតី បានបន្ថែមទៀតថា និស្សិតត្រូវធ្វើខ្លួនជាបុគ្គលឱ្យសមជាអ្នកមានចំណេះដឹង ហើយស្មោះត្រង់ទើបការងារអាចដំណើរការដោយរលូនទទួលបានជោគជ័យ។ជាក់ស្តែងថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវីរជនរបស់ជាតិ ដោយសារតែភាពស្មោះត្រង់ សាមគ្គីគ្នាជាធ្លុងមួយ ទើបអាចរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវបំផុត និងភាពប្រាកដនិយម របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តបំផុត ក្នុងការនាំមក និងរក្សាបាននូវ សេចក្តីសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ជាគុណប្រយោជន៍ជូនជាតិមាតុភូមិ ហើយតម្លៃនៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានឱកាសកសាងកិត្តិនាម ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ជាមួយគ្នានេះលោក ឡាវ វ៉ាន់ ក៏បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗសូមកុំមានអារម្មណ៍ថាឯកោ ប្រសិនបើមានបញ្ហាអ្វីសូមទាក់ទងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រុមសម្របសម្រួលកិច្ចការនិស្សិត និងតំណាងនិស្សិតប្រចាំតំបន់ ដើម្បីជួយដោះស្រាយបញ្ហា ប៉ុន្តែទន្ទឹមនឹងនោះប្អូនៗក៏ត្រូវខិតខំជួយដល់ខ្លួនឯងជាមុនសិនដែរ និងសូមបន្តរៀនឱ្យបានចប់ចុងចប់ដើម និងយកចំណេះវិជ្ជា បទពិសោធន៍ដែលបានឆ្លងកាត់អំឡុងពេលសិក្សានៅក្រៅប្រទេស ត្រលប់មកតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោក LIU REN ប្រធានសមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហការជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ (អ.ម.ត) ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតចំនួន ៣៥រូប គឺក្នុងគោលបំណងធំចង់ឱ្យធនធាននិស្សិតបញ្ញាវ័ន្តកម្ពុជា ពេលទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សូមផ្តោតសំខាន់លើការសិក្សា ខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពក្នុងការយល់ដឹង ក៏ដូចជាការអភិវឌ្ឍន៍ខ្លួនបន្ថែមលើជំនាញដែលបានជ្រើសរើសក្នុងការសិក្សា ដើម្បីក្លាយខ្លួនជាស្ពានទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របជាមួយការអបអរសាទរខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែបដ៏យូរអង្វែង។
សូមបញ្ជាក់ថា និស្សិតដែលបានទៅសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រោមការសម្របសម្រួលរបស់សមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា សរុបចំនួន ៣៥នាក់ នឹងគ្រោងចេញដំណើរទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ៕