(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារថ្នាក់ជាតិខេត្តកំពង់ធំ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារ អភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ១២០នាក់។

លេីកឡេីង​នាឱកាសនោះលោក​ ថោង ខុន ក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានដូចជា៖ ការការពាររឹងមាំនូវសន្តិភាព អធិបតេយ្យ បូរណភាពទឹកដីសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម,​ ជោគជ័យនៃការប្រយុទ្ធទប់ស្កាត់និងបង្ការជំងឺកូវីដ១៩,​ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែត្រូវបានពង្រឹង,​ ការងារកែទម្រង់លើគ្រប់វិស័យបានលើកកម្ពស់អភិបាលកិច្ចល្អ,​ ការរក្សាលំនឹងសេដ្ឋកិច្ច និងការជំរុញសេដ្ឋកិច្ចក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩,​ ការរក្សាលំនឹងជីវភាពប្រជាជនក្នុងអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ១៩,​ ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ប្រកបដោយភាពថ្លឹងថ្លែង និងការពារប្រយោជន៍ស្នូលរបស់ជាតិ។

ជាមួយគ្នានោះលោក​ ថោង​ ខុន​ ក៏បានធ្វេីការកត់សំគាល់ទៅលើលទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្ត សម្រេចបានពាក់ព័ន្ធទៅនឹងការសម្រួលលើកកម្ពស់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលរួមមានការងារកាត់ឆ្វៀលដីនៅតំបន់៣ តំបន់២ តំបន់អភិរក្សសត្វខ្សឹប ការគ្រប់គ្រងស្ថានីយ៍បូបទឹក ដោយរាជរដ្ឋាភិបាលបានចេញនូវឯកសារគតិយុត្តមួយចំនួនជាបន្តបន្ទាប់ មានដូចជា អនុក្រឹត្យ សេចក្តីជូនដំណឹង និងគោលការណ៍ណែនាំនានា។

លោក​រដ្ឋមន្ត្រី ថោង​ ខុន​ បានអះអាងទៀតថា ក្រៅពីការងារសម្រេចបានខាងលើនេះខេត្តកំពង់ធំ ក៏នៅមានបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់មួយចំនួនទៀតដែលក្រុមការងារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តរួមសហការគ្នាពិនិត្យ និងដោះស្រាយឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាមានដូចជា៖ បញ្ហាល្បែងស៊ីសង គ្រឿងញៀន បទល្មើសព្រៃឈើ នេសាទ បញ្ហាទំនាស់ដីធ្លី ពាក្យបណ្តឹង និងការគំរាមកំហែងប្រជាពលរដ្ឋជាដើម។

ជាមួយគ្នានោះដើម្បីសម្រេចជោគជ័យជូនរាជរដ្ឋាភិបាល ក្នុងការគាំទ្រ តាមដាននិងត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៅខេត្តកំពង់ធំ​,​ លោកប្រធាន​ ថោង​ ខុន​ ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ធំ ត្រូវខិតខំប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗក្នុងឆ្នាំ២០២៣ ដូចខាងក្រោម៖

ទី១៖​ បន្តអនុវត្តការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា

ទី២៖​ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្រ្កាប និងទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

ទី៣៖​ អនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យ សេចក្តីជូនដំណឹង (សជណ) និងបទដ្ឋានគតិយុត្តទាំងឡាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១, ការកាត់ឆ្វៀលដីតំបន់៣ មកតំបន់២ ការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប និងការគ្រប់គ្រងស្ថានីយ៍បូមទឹក

ទី៤៖​ ជំរុញការចុះធ្វើអត្តសញ្ញាណបណ្ណ និងការធ្វើទុតិយតា ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា

ទី៥៖​ ចុះរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់

ទី៦៖​ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព

ទី៧៖​ ពង្រឹងការគ្រប់គ្រងបរិស្ថាន អនាម័យសំរាម​ នៅតាមទីប្រជុំជន និងតាមទីផ្សារ ដោយត្រូវរៀបចំឲ្យមានកន្លែងប្រមូលសំរាម ទីតាំងដាក់សំរាម​ និងឡដុតសំរាម

ទី៨៖​ ខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ

ទី៩៖​ បន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលនៅសេសសល់ ពិសេសយកចិត្តទុកដាក់ដល់ការដោះស្រាយទំនាស់ ឬជម្លោះក្រៅប្រព័ន្ធតុលាការ

ទី១០៖​ ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាថ្ងៃទី ៨-១០ ខែមីនា ឆ្នាំ២០២៣ និងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ

ទី១១៖​ ខិតខំលុបបំបាត់អំពើអសកម្ម/ចំនុចខ្វះខាត និងធ្វើអំពើល្អ ដើម្បីបង្កើនភាពជឿជាក់ ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕